សិល្បៈអន្តរជាតិ៖ តារាចម្រៀងល្បី Britney Spears បានទម្លាយដោយឥតលាក់លៀមថាខ្លួនធ្លាប់រំលូតកូនព្រោះតែអតីតមិត្តប្រុសមិនចង់ធ្វើជាឪពុក។ នេះបើយោងតាមការដកស្រង់ខ្លឹមសារខ្លីមួយចេញពីសៀវភៅថ្មីដែលឆ្លុះបញ្ចាំងពីជីវិតតារារូបនេះ។
ជាការពិតណាស់មនុស្សចូលចិត្តអានសៀវភៅណាដែលមានបង្កប់នូវអ្វីដែលជាទីទាក់ទាញចិត្ត។ ហេតុនេះហើយតារាសិល្បៈ អ្នកចម្រៀង អ្នកសម្ដែង ឬពិធីករ ពិធីការនី រមែងបញ្ចេញនូវរឿងរ៉ាវជីវិតពិតរបស់ពួកគេដែលមានទាំងរឿងល្អ រំភើប រីករាយ និងសោកសៅ នៅក្នុងសៀវភៅ ដើម្បីតម្រូវចិត្តអ្នកអាន។

នៅក្នុងសៀវភៅ «The Woman in Me» ដែលជាស្នាដៃឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់តារាចម្រៀង Britney Spears ត្រៀមនឹងចេញលក់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ អ្នកម្ដាយកូន៣បានសៀវភៅបញ្ចូលនូវរឿងរ៉ាវជីវិត បទពិសោធន៍ជីវិត ទាំងពេលឡើងដល់ចំណុចកំពូល និងពេលធ្លាក់ដល់ក្រោមបាតដី។ មិនតែប៉ុណ្ណោះសៀវភៅនេះ ក៏មានរឿងរ៉ាវអាថ៌កំបាំងដែលតារាស្រីរូបនេះកប់ទុកយ៉ាងជិតមិនប្រាប់អ្នកណាសោះអស់រយៈពេលជាង២ទសវត្សរ៍។

នៅក្នុងអំឡុងពេលដែលម្ចាស់បទ «From The Bottom of My Broken Heart» កំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងតារាចម្រៀង Justin Timberlake នាងបានដឹងថាខ្លួនមានទម្ងន់ «វាគឺជារឿងភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំ ប៉ុន្តែរឿងនេះចំពោះខ្ញុំមិនមែនជារឿងអាក្រក់នោះទេ។ ខ្ញុំស្រលាញ់ Justin ខ្លាំងណាស់។ ខ្ញុំតែងតែសង្ឃឹមថាពួកយើងនឹងសាងគ្រួសារជាមួយគ្នានៅថ្ងៃណាមួយ គ្រាន់តែរឿងនេះវាលឿនជាងការដែលខ្ញុំបានគិត» តារាស្រី បានសរសេរពីរឿងដែលខ្លួនទម្ងន់នៅក្នុងសៀវភៅថ្មីត្រៀមចេញរបស់ខ្លួន នេះបើយោងតាមទស្សនាវដ្ដី People។

«ប៉ុន្តែ Justin មិនរីករាយចំពោះដំណឹងមានផ្ទៃពោះរបស់ខ្ញុំនោះទេ។ គេនិយាយថាគេមិនទាន់បានត្រៀមខ្លួនមានកូនចូលមកក្នុងជីវិតពួកយើងនោះទេ ព្រោះពួកយើងនៅក្មេងពេកហើយ» នាងបានបន្ថែមទៀតថា «ប្រសិនបើរឿងនេះនាងគិតតែម្នាក់ឯងនោះ នាងច្បាស់ជាមិនធ្វើនោះទេ តែ Justin គេច្បាស់ក្នុងចិត្តណាស់ថាគេនៅមិនទាន់ចង់ធ្វើជាឪពុកគេ»
គួរដឹងថារឿងរ៉ាវមានស្នេហារហូតឈានដល់មានដំណក់ឈាមរួមគ្នារវាង Britney Spears និង Justin Timnberlake គឺបានកើតឡើងតាំងពីអំឡុងឆ្នាំ២០០០ ពោលគឺនៅពេលដែលពួកគេមានវ័យត្រឹម១៩ឆ្នាំប៉ុណ្ណោះ៕
ប្រភព៖ បរទេស
