យោងតាមសារព័ត៌មាន CNN បានផ្សាយថា លោក ចូ បៃដិន បានទៅដល់ទីក្រុង Tel-Aviv ប្រទេសអ៉ីស្រាអែល សម្រាប់ដំណើរទស្សនកិច្ច ដែលមានហានិភ័យខ្ពស់ ស្របពេលដែលមានការតវ៉ាជាច្រើន បន្ទាប់ពីមានការបំផ្ទុះមន្ទីរពេទ្យមួយកន្លែងនៅតំបន់ហ្គាហ្សា មុនពេលការមកដល់របស់លោក ខណៈក្រុមមន្ត្រីនៃប្រទេសអ៉ីស្រាអែល និងប៉ាឡេស្ទីន កំពុងឆ្លើយដាក់គ្នាទៅវិញទៅមក ចំពោះការវាយប្រហារខាងលើនេះ។

ការមកដល់របស់លោក បៃដិន នាពេលនេះ គឺជាការបង្ហាញជាសាធារណៈដ៏ខ្លាំងក្លាបំផុតរបស់លោក ចំពោះការគាំទ្រដល់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស ដែលបានធ្វើឱ្យប្រជាជនអ៊ីស្រាអែល ១,៤០០នាក់ និងជនជាតិអាមេរិករាប់សិបនាក់បានស្លាប់។

ទន្ទឹមនោះក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន ​នៅ​តំបន់ហ្គាហ្សា​ បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់ ៣,០០០នាក់​ត្រូវ​បាន​សម្លាប់ ​នៅ​តំបន់ហ្គាហ្សា​ស្ទ្រីប ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម។

សូមជម្រាបថា ប្រទេសអ៉ីស្រាអែល កំពុងតែជួបប្រទះនឹងការវាយប្រហារដោយដោយក្រុមហាម៉ាស និងកំពុងសងសឹកទៅលើតំបន់ហ្គាហ្សាក្នុងប្រទេសប៉ាឡេស្ទីន ដោយបណ្ដាលឲ្យប្រជាជននៃប្រទេសទាំង២ ស្លាប់ និងរងរបួសរាប់ពាន់នាក់ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

ប្រភព៖ CNN

Share.