ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា ការបំផ្ទុះដែលបានសម្លាប់មនុស្សជាង ៥០០នាក់នៅមន្ទីរពេទ្យ Al-Ahli Baptist ក្នុងតំបន់ហ្គាហ្សាស្រ្ទីប ហាក់ដូចជាមិនមែនបង្កឡើងដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

ចុចអាន៖ មនុស្សរាប់រយនាក់ស្លា.ប់នៅក្នុងការបំ.ផ្ទុះមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា​​

លោក បៃដិន បាននិយាយក្នុងអំឡុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា «ផ្អែកលើអ្វីដែលខ្ញុំបានឃើញ វាហាក់ដូចជាវាត្រូវបានធ្វើដោយក្រុមផ្សេងទៀត មិនមែនអ្នកទេ»។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ឱ្យអ៉ីស្រាអែលនូវអ្វីគ្រប់យ៉ាងដែលអ៉ីស្រាអែលត្រូវការ ដើម្បីការពារខ្លួន ខណៈប្រទេសនេះធ្វើសង្រ្គាមប្រឆាំងនឹងចលនាហាម៉ាស់ប៉ាឡេស្ទីន។

លោក បៃដិន បានប្រាប់លោក Netanyahu ថា «យើងនឹងធ្វើឱ្យប្រាកដថា វាកើតឡើង ដូចដែលអ្នកបានដឹងហើយ។ យើង​ក៏​ត្រូវ​ចាំ​ក្នុង​ចិត្ត​ដែរ​ថា ក្រុម​ហាម៉ាស ​មិន​តំណាង​ឱ្យ​ប្រជាជន​ប៉ាឡេស្ទីន​ទាំង​អស់​នោះ​ទេ។

កាលពីថ្ងៃអង្គារ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Biden បាននិយាយថា «លោក មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបំផ្ទុះនៅមន្ទីរពេទ្យ នៅតំបន់ហ្គាហ្សា ដែលក្រុមហាម៉ាសបាននិយាយថា បានសម្លាប់មនុស្សរាប់រយនាក់»។

នៅក្នុងជំនួបខាងលើ លោក Nentanyahu បានប្រាប់លោក បៃដិន ថា «អ៉ីស្រាអែល នឹងព្យាយាមជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិលនៅក្នុងសង្រ្គាមហ្គាហ្សា ដែលលោកបានលើកឡើងថា ជាបញ្ហាប្រឈមដោយសារតែកលល្បិចរបស់ក្រុមហាម៉ាស»។

យ៉ាងណាម៉ិញអស់រយៈពេល ១២ថ្ងៃចូលទៅក្នុងជម្លោះជាមួយក្រុមហាម៉ាស ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការបិទច្រកតំបន់ហ្គាហ្សា បានបន្តកើនឡើង ដោយមានមនុស្សជាង ១លាននាក់ បានផ្លាស់ទីលំនៅ ដែលចំនួននេះស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់តំបន់ហ្គាហ្សា នេះបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ។

សូមជម្រាបថា កាលពីថ្ងៃទី៧ ខែតុលា នេះ ក្រុមហាម៉ាសបានចាប់ផ្ដើមវាយប្រហារលើប្រទេសអ៉ីស្រាអែល ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលរួមមានការបាញ់រ៉ុក្កែត និងការលុកលុយចូលទឹកដីអ៉ីស្រាអែល តាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស ដែលជាហេតុធ្វើឱ្យអ៉ីស្រាអែលប្រកាសធ្វើសង្រ្គាមសងសឹកជាមួយក្រុមឧទ្ទាមទាំងនេះ។ រហូតមកដល់ពេលនេះ មនុស្សជាង ៤,៧០០នាក់ត្រូវបានសម្លាប់ក្នុងជម្លោះប្រដាប់អាវុធនេះ ក្នុងនោះមានជនជាតិប៉ាឡេស្ទិន យ៉ាងហោចណាស់ ៣,៣០០នាក់ និងជនជាតិអ៉ីស្រាអែលជាង ១,៤០០នាក់បានស្លាប់៕

ប្រភព៖ Anadolu

Share.