ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Felix dalmas បានធ្លាក់ចេញពីវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup ជុំទី១ ក្រោមថ្វីជើងប៉ាគីស្ថាន សរុបទាំង២ជើង ១-០។ ខណ:ផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា។

ស្របពេលដែល ឯកឧត្ដម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសគាំទ្រនូវប្រសាសន៍ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ដែលបានលើកឡើងថា៖«គេនិយាយពិតជាត្រឹមត្រូវ សុំទទួលយកព្រោះជាការពិតវាកើតឡើងអញ្ចឹងមែន។ ពួកគេគាំទ្រជម្រើសជាតិ គេស្រឡាញ់ទើបគេតាមដាន គេដឹង និងរិះគន់។ សម្រាប់យើងមានតែប្រឹងប្រែងរកវិធីល្អណាដើម្បីដោះស្រាយនូវការមិនសប្បាយចិត្តរបស់អ្នកគាំទ្រតែប៉ុណ្ណោះ»។

ឯកឧត្ដម ឌី វិជ្ជា បន្តទៀតថា៖«ទន្ទឹមនឹងនេះ ខ្ញ៉ំសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់កម្ពុជា បន្តការគាំទ្រ និងលើកទឹកចិត្ត ដល់កីឡាករបាល់ទាត់ជម្រើសជាតិយើងថែមទៀត ព្រោះបើយើងសង្កេតមើលឱ្យដល់ធៀបទៅនឹង១០ឬ២០ឆ្នាំមុន គឺគ្រាប់បាល់យើងឱ្យគេនោះ មិនតិចជាង៥-១០គ្រាប់ទេ»

ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្ថែម៖«តែឥឡូវនេះឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ វិស័យកីឡាបាល់ទាត់ និងកីឡាករយើងមានការវិវត្តន៍ច្រើនណាស់ផងដែរ បើយើងមិនស្មើជាមួយគេ ឬយើងមិនឈ្នះគេ ក៏ត្រឹម១ឬ២គ្រាប់ ហើយមានពេលខ្លះយើងក៏ឈ្នះគេដែរ។ ហើយក៏ សូមអរគុណដល់បងប្អូនទាំងអស់គ្នា ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់កម្ពុជា និងបន្តការគាំទ្រលើកទឹកចិត្តកីឡាករយើង បន្ថែមទៅមុខទៀតផងដែរ»៕

Share.