ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងជើង សម្រាប់ការគាំទ្រសង្គ្រាមនៅអ៊ុយក្រែន ហើយរុស្ស៊ីបានសន្យាថា «គាំទ្រយ៉ាងពេញលេញ និងសាមគ្គីភាព» សម្រាប់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រសហ្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

លោក Lavrov បានទៅដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ សប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំដែលត្រូវបានគេមើលឃើញថា ជាការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង ដែលមានភាពឯកោផ្នែកនយោបាយ។

ថ្លែងនៅឯកម្មវិធីដែលរៀបចំឡើងដោយកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា «ទីក្រុងម៉ូស្គូ ឱ្យតម្លៃយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ទីក្រុងព្យុងយ៉ាងសម្រាប់រុស្ស៊ី។ ដូចគ្នានេះដែរ រុស្ស៊ីក៏នឹងពង្រីកការគាំទ្រប្រកបដោយសាមគ្គីភាពចំពោះសេចក្ដីប្រាថ្នារបស់កូរ៉េខាងជើងដែរ»។

លោក Lavrov បាននិយាយថា ដំណើរទស្សនកិច្ចនៅសប្តាហ៍នេះនឹងផ្តល់ «ឱកាសដ៏មានតម្លៃ» ក្នុងការពង្រឹងទំនាក់ទំនង និងដើម្បីពិនិត្យឡើងវិញ រួមទាំងរៀបរាប់ពីជំហានជាក់ស្តែងសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចរវាងមេដឹកនាំទាំង២។

ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងនេះ ក៏នឹងត្រួសត្រាយផ្លូវឲ្យមានការរៀបចំដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកកាន់ទីក្រុងព្យុងយ៉ាងផងដែរ។

ទាក់ទិននឹងបញ្ហានេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងព្រួយបារម្ភអំពីការកើនឡើងនៃ ទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើង ហើយបានបង្កើនការធ្វើសមយុទ្ធយោធារួមគ្នាជាមួយជប៉ុន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង។

សូមជម្រាបថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Lavrov កើតឡើងមួយខែបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៊ី ដែលគ្រានោះលោក គីម បានអញ្ជើញលោក ពូទីន មកកាន់ទីក្រុងព្យុងយ៉ាង និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាវិញ។ ខណៈបច្ចុប្បន្ននេះ លោក ពូទីន កំពុងទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣»៕

ប្រភព៖ CNA

Share.