សិល្បៈជាតិ៖ ភាពយន្តដែលដកស្រង់ពីប្រលោមលោកមានចំណងជើងថា «សង្សារ១៤ថ្ងៃ» ត្រូវបានមហាជនអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់ នៅពេលបានទស្សនាថ្ងៃចាក់បញ្ចាំងដំបូងថា សាច់រឿងល្អមើលខុសដាច់ពីប្រលោមលោក។ ភាពយន្តនេះ គឺចេញពីស្នាដៃរបស់អ្នកនិពន្ធល្បីឈ្មោះ សុខ ចាន់ផល ដែលលោកបានយកចិត្តទុកដាក់សរសើរឡើង និងផលិតជាភាពយន្តដំបូងដែលបានដកស្រង់ចេញពីសៀវភៅប្រលោមលោក។

លោក សុខ ចាន់ផលលើកឡើងថា កន្លងមកលោកធ្លាប់សរសេរអត្ថបទភាពយន្តជាច្រើនរឿងដែរ ក៏ប៉ុន្តែសម្រាប់ផលិតភាពយន្តតែប៉ុណ្ណោះ។ ចំណែកឯរឿង «សង្សារ១៤ថ្ងៃ» នេះគឺលោកបានសរសេរ និងបោះពុម្ពផ្សាយជាប្រលោមមុន ហើយទទួលបានការគាំទ្រខ្លាំងពីអ្នកអាន រហូតអាចឆក់យកចិត្តពួកគេឱ្យមកទស្សនាជាភាពយន្តបន្តទៀត។
ក្រៅពីផ្ដោតចំពោះខ្លឹមសាច់រឿងជាភាពយន្តបែបមនោសញ្ចេតស្នេហាស៊ីអារម្មណ៍ហើយនោះ ភាពយន្តដំបូងរបស់ផលិតកម្ម ឥន្ទ្រិយហ្វីម មួយនេះ ក៏បានលាយបញ្ចូលនូវឈុតឆាកកំប្លែង និងពញ្ញាក់អារម្មណ៍ឱ្យអ្នកទស្សនារន្ធត់បានដែរ ក្រោមការចូលរួមសម្ដែងពីតារាល្បីៗដូចជា កញ្ញា ស៊ឹម ស្រីនិច្ច លោក ហូ សារៈ លោក សាន់នី លោក លី សុខណេត និងតារាសម្ដែងជាច្រើនរូបទៀត។

អ្នកនិពន្ធ សុខ ចាន់ផល បានអះអាងថា ភាពយន្តនេះចំណាយពេលផលិតយូរ ហើយខ្ទង់ក៏ចំណាយច្រើន ដោយសារតែក្រុមការងាររបស់ ឥន្ទ្រិយហ្វីម មានគោលដៅរួមតែមួយ គឺសម្រិតសម្រាំងភាពយន្តដំបូងរបស់ខ្លួនឱ្យក្លាយជាភាពយន្តមានគុណភាព និងទទួលបានទីផ្សារខ្ពស់។ លោកបន្តថា ទោះក្រោយការថតបានបញ្ចប់ហើយ ក្រុមការងារបានចែកផ្លូវគ្នារៀងខ្លួនដើម្បីរកបទពិសោធន៍ជីវិតថ្មីៗក៏ដោយ នៅ៥ឆ្នាំក្រោយដែលដល់វេលាបញ្ចាំងភាពយន្តនេះឡើង ពួកគេទាំងអស់គ្នា រួមទាំងតារាសម្ដែង បានវិលមកជួបគ្នាវិញម្ដងទៀត ដែលសមនឹងពាក្យថា «ជួបគ្នាជាថ្មីនៅពេលដែលខ្ញុំរឹងមាំ!»។
អ្នកពិន្ធរូបនេះបានបន្តបញ្ជាក់បន្ថែមថា ក្នុងនាមលោកជាអ្នកសរសេរប្រលោមលោក និងភាពយន្តនេះឡើង គឺលោកដឹងសាច់រឿង កន្លុកកន្លៀតរឿង អស់រួចហើយ។ លុះដល់ពេលផលិតរឿង ក៏បានទស្សនាតាមការកាត់តសាច់រឿងផ្សេងៗ ក៏លោកនៅតែទទួលបានអារម្មណ៍មួយបែប។ ហើយមកដល់ពេលទស្សនាភាពយន្តនេះនៅរោងភាពយន្តទៀតនោះ ស្រាប់តែលោកទទួលបានអារម្មណ៍ប្លែកមួយទៀតដែលនឹកស្មានមិនដល់។ ដូច្នោះហើយសម្រាប់លោកជាអ្នកនិពន្ធស្រាប់ គឺនៅតែទទួលបានអារម្មណ៍ប្លែកពីភាពយន្តនេះ ចុះទម្រាំអ្នកអានប្រលោម និងអ្នកគាំទ្រមកទស្សនាដោយផ្ទាល់នៅរោងភាពយន្តពេលបញ្ចាំងជាផ្លូវការទៀតនោះ ក៏លោកនៅតែជឿថា គ្រប់គ្នានឹងទទួលបាននូវអារម្មណ៍ពីភាពយន្តខ្មែរមួយនេះមិនខុសពីលោកទេ ។ នេះជាអ្វីដែលលោករំពឹងទុកយ៉ាងមុតមាំ។
សូមជម្រាបថា ភាពយន្ត «សង្សារ១៤ថ្ងៃ» នឹងដាក់បញ្ចាំងក្នុងរោងកុនជាផ្លូវការនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នេះ នៅគ្រប់រោងភាពយន្ត។ កុំភ្លេចចូលរួមគាំទ្រភាពយន្តខ្មែរទាំងអស់គ្នា៕



