នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមបដិសេធចំពោះព័ត៌មានមិនពិតដែលបានចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថាលោក Park Hang-Seo នឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងថា៖«សូមជម្រាបជូនបងប្អូនសារព័ត៌មានក្នុងគ្រុប ដោយឃើញមានការចុះផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការចរចាររវាង ស.ប.ក ជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Park Hang-Seo ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា នៅលើបណ្ដាញសង្គមថ្មីៗនេះ ស.ប.ក សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយខុសពីការពិតខាងលើនេះ»។

គួរដឹងថាលោក Park Hang-Seo បច្ចុប្បន្នមានវ័យ៦៥ឆ្នាំ បាន​ចូលដឹកនាំក្រុមជម្រើសជាតិវៀតណាម ដំបូងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំ បន្ទាប់ពីដឹកនាំបានល្អសហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏បន្ថែមកិច្ចសន្យាថ្មីជូនគាត់៣ឆ្នាំជាបន្តទៀត រហូតផុតកុងត្រានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទើបចាកចេញពីតំណែង។

ស្នាដៃលោក Park Hang Seo ក្នុងនាមជាគ្រូបង្វឹករៀតណាម៖
– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC U-23 Championship (ចាញ់ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ២-១)
– 2018 នៅ Asian Games ក្រុមជម្រើសជាតិវៀតណាម ក៏បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ជាលើកដំបូងក្នុងរយៈពេល ៥៦ឆ្នាំ
– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមឈ្នះពាន AFF Championship បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ៣-២ សរុបទាំង២ជើងនៅពហុកីឡដ្ឋានជាតិ Mỹ Đình ទីក្រុងហាណូយ។
– 2019 ពានរង្វាន់ AFC Asian Cup វៀតណាមធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមជើងឯករងជប៉ុន ១-០ នៅប្រទេសអារ៉ាប់រួម។
– 2021 ជួយឲ្យក្រុមជម្រើសជាតិវៀតណាម ក្លាយជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលបានឡើងជុំទី៣នៃវគ្គជម្រុះ FIFA World Cup 2022 និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup របស់ពួកគេ៕

Share.