ពានរង្វាន់ King Cup រៀបចំឡើងដំបូងពីឆ្នាំ១៩៦៨ ដោយសហព័ន្ធកីឡាបាល់ទាត់ថៃ ដែល​គ្រាខ្លះ​រៀប​ចំរាល់ ១ឆ្នាំម្តង ហើយឆ្នាំខ្លះប្តូរទៅជា២ឆ្នាំម្តង។ កម្ពុជា ធ្លាប់​បាន​អញ្ញើញ​ឱ្យចូលរួម​ប្រកួត​បាន​ចំនួន​ ២លើក​ដែរ ក្នុង​ចំណោម៤៨លើកមកនេះ ដោយឆ្នាំចូលរួមដំបូងនៅ១៩៧៣ ក្នុងនាម​ជាសាធា​រណៈ​រដ្ឋ​ខ្មែរ ដែលធ្វើឡើងរាជធានីបាងកក ចន្លោះថ្ងៃទី១៦ ដល់២៥ ខែធ្នូ មាន៦ក្រុមចូលរួម ស្រប​ពេល​ដែល​កម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល ក្រោយចាញ់កូរ៉េខាងត្បូង ៥-០ និងបន្តចាញ់ម៉ាឡេស៊ី ៣-២។ កាលនោះកូរ៉េខាងត្បូង ជាម្ចាស់ជើងឯក។

ចូលដល់ឆ្នាំ១៩៧៤ ក្រុមសាធារណៈរដ្ឋខ្មែរ ចូលប្រកួតម្តងទៀតក្នុងចំណោមសមាជិកទាំង៨ក្រុម ដែលមាន២ពូល ចាប់ពីថ្ងៃទី១០ ដល់២០ ខែធ្នូ នៅរាជធានីបាងកក ដដែល។ កម្ពុជាស្ថិតនៅពូល A ជាមួយ កូរ៉េខាងត្បូង, វៀតណាមខាងត្បូង ក្រុមPSM Makassar (ប្រទេសឥណ្ឌូនេស៊ី) ខណ:ពូល B មានម្ចាស់ផ្ទះ ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។

តាមលក្ខខ័ណ្ឌដែលបានកំណត់ក្រុមទាំងអស់ត្រូវប្រកួតជម្រុះក្នុងពូល ហើយក្រុមលេខ ១ និង​លេខ​២ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជាលទ្ធផលនៃវគ្គជម្រុះតាមពូល កម្ពុជា បាន​យក​ឈ្នះ​វៀតណាម​ខាងត្បូង ក្នុងលទ្ធផល ៣ទល់និង២ ហើយប្រកួតទី២ កម្ពុជា បានចាញ់កូរ៉េខាងត្បូង ក្នុង​លទ្ធ​ផល ២ទល់និង១ និងប្រកួតទី៣ កម្ពុជា បានប្រកួតស្មើក្រុម PSM Makassar (ក្លិប​មក​ពី​ឥណ្ឌូ​នេស៊ី) ក្នុងលទ្ធផល ១-១។

ដោយសារកម្ពុជា មានពិន្ទុស្មើគ្នាជាមួយវៀតណាមខាងត្បូង នៅក្នុងពូល តម្រូវឱ្យក្រុមទាំង ២ប្រកួត​វគ្គ Play-Off ដើម្បីរកចាំណាត់ថ្នាក់លេខ ២ល្អ តំណាងឱ្យពូលឡើងទៅជុំបន្ត ជា​លទ្ធផល​ក្រុម​កម្ពុជា បានយកឈ្នះវៀតណាមខាងត្បូង ក្នុងលទ្ធផល ២ទល់និង០ ឡើង​ទៅកាន់​វគ្គពាក់​កណ្ដាល​ផ្តាច់​ព្រ័ត។ ខណ:ពូល B មានម្ចាស់ផ្ទះថៃ និងម៉ាឡេស៊ី ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

យ៉ាងណាក្តីចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមកម្ពុជា បានចាញ់ក្រោមថ្វីដៃម្ចាស់ផ្ទះថៃ ក្នុង​លទ្ធផ​ល ១ទល់និង០ ខណ:កូរ៉េខាងត្បូង ឈ្នះបាល់ប៉េណាំងទីកាត់សេចក្តី៥-៤ លើកក្រុមម៉ាឡេស៊ី ឡើងវគ្គផ្ដាច់ព្រ័ត្រ។ ដូចនេះក្រុមកម្ពុជា ត្រូវជួបជាមួយម៉ាឡេស៊ី ប្រជែងយកមេដាយសំរឹទ្ធិ ហើយ​ជា​លទ្ធផលកម្ពុជា ចាញ់ក្នុងលទ្ធផល ៣ទល់និង០ បានត្រឹមចំណាត់ថ្នាក់លេខ ៤ ស្របពេល កូរ៉េ​ខាង​ត្បូង ឈ្នះថៃ ក្នុងលទ្ធផល ៣ទល់និង១ នៅវគ្គផ្ដាច់ព្រ័ត្រគ្រងជើងឯកពាន់រង្វាន់ King Cup ឆ្នាំ​១៩៧៤។

សម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ King Cup នេះ ធ្វើឡើងចាប់ពីឆ្នាំ ១៩៦៨ គិត​មក​ដល់​ឆ្នាំ​២០២២ បានចំនួន ៤៨លើករួចមកហើយ ក្រុមដែលធ្លាប់ឈ្នះមានដូចជា ម្ចាស់ផ្ទះថៃ ឈ្នះ​បាន​១៤លើក, កូរ៉េខាងត្បូង ឈ្នះ៩លើក, ម៉ាឡេស៊ី និងស៊ុយអ៊ែត ឈ្នះម្នាក់ ៤លើក, កូរ៉េខាងជើង ឈ្នះចំនួន ៣លើក, ស្លូវ៉ាគី ឈ្នះចំនួន ២លើក ក្រៅពីនោះបានត្រឹមឈ្នះម្នាក់១លើក៕

Share.