រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាបត្រឹមម៉ោង១១និង៤៥នាទីយប់ថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១នេះ។ការបិទខ្ទប់នឹងត្រូវ ធ្វើឡើងរហូតដល់ថ្ងៃទី១២ខែសីហាខាងមុខ។

ការសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តទាំងនេះ គឺដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ១៩បំប្លែងថ្មីដែលមានឈ្មោះថា Deltaខណៈដែលកម្ពុជាបានរកឃើញករណីនាំចូលមេរោគបំប្លែងថ្មី នេះជាបន្តបន្ទាប់ដែលរហូតមកដល់ពេលនេះកើនឡើងដល់ជាង ១០០ករណីហើយ។

នៅក្នុងសេចក្តីសម្រេចនោះរាជរដ្ឋាភិបាល បានណែនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។

រាជរដ្ឋាភិបាល ក៏បានណែនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការគ្នាផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់បណ្តាខេត្តកម្ពុជា ដែលមានព្រំប្រទល់ជាមួយប្រទេសថៃ ព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីផ្តល់ការគាំពារចាំបាច់នានាដល់ពលករខ្មែររស់នៅប្រទេសថៃ ក៏ដូចជាសម្របសម្រួលជាមួយពលករខ្មែររស់នៅថៃ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ឱ្យពន្យារពេលនៃការវិលត្រឡប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់។

ក្នុងនោះដែរ គណៈអភិបាលខេត្តនៃខេត្តជាប់ព្រំប្រទល់ជាមួយថៃ ត្រូវបង្កើនកិច្ចសហការ និងការសម្របសម្រួលជាមួយបណ្តាខេត្តរបស់ប្រទេសថៃ ដែលជាសមភាគីរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តនូវបណ្ដាវិធានការខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

Share.