ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះថា ប្រទេសចិនជឿថា «កម្លាំងបាយមិនមែនជាមធ្យោបាយដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន» ហើយជាថ្មីម្តងទៀត ចិនកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ ខណៈបេសកជនរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា បានអង្វរនៅក្នុងប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសៅរ៍បានរៀបចំ «កិច្ចប្រជុំកំពូលដើម្បីសន្តិភាព»​​ ជាកន្លែងដែលអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមាន «សកម្មភាពយ៉ាងឆាប់រហ័សដើម្បីបញ្ចប់សុបិន្តអាក្រក់ដ៏គួរឱ្យភ័យខ្លាចនេះ» បន្ទាប់ពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានអូសបន្លាយអស់រយៈពេល ២សប្តាហ៍ ហើយនោះ។

បេសកជនរបស់ទីក្រុងប៉េកាំង ទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Zhai Jun បានជួបជាមួយអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit នៅក្រៅកិច្ចប្រជុំកំពូល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា អ្នកការទូតចិន បានអំពាវនាវឱ្យមាន «បទឈប់បាញ់ជាបន្ទាន់ និងបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ លោក Zhai បានបន្ថែមថា «ប្រទេសចិនជឿថា កម្លាំងបាយ មិនមែនជាមធ្យោបាយដើម្បីដោះស្រាយបញ្ហានោះទេ ហើយថា ការឆ្លើយតបទៅនឹងអំពើហឹង្សាដោយអំពើហឹង្សា នឹងនាំទៅដល់រង្វង់នៃការសងសឹកដ៏កាចសាហាវ»។

លោក Zhai បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការសកម្មភាពជាបន្ទាន់ ជំរុញ​ឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់មនុស្សធម៌អន្តរជាតិ និងដើម្បីបញ្ចៀសរាល់មហន្តរាយមនុស្សធម៌ ខណៈចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍។

គួររំលឹកថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកចូលប្រទេសអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ ខែតុលា ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ដែលត្រូវបានបាញ់សម្លាប់ កាត់ក្បាល ឬដុតទាំងរស់រហូតដល់ស្លាប់ នៅថ្ងៃដំបូងនៃការវាយលុក នេះបើយោងតាមការឱ្យដឹងពីមន្ត្រីអ៊ីស្រាអែល។

ក្រោយពីមានការវាយលុកពីក្រុមហាម៉ាស់ អ៉ីស្រាអែលបានចាប់ផ្ដើមទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ដើម្បីសងសឹកជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយបាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជាង​៤,​​​៦០០​នាក់ ភាគច្រើន​ជា​ជន​ស៊ីវិល នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស​នៅ​ហ្គាហ្សា។

សូមជម្រាបថា បើតាមលោក Zhai Jun ចិននឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ក្នុងនោះរួមមានបណ្ដាប្រទេសអារ៉ាប់ ហើយលោកនឹង ធ្វើទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងបណ្ដាប្រទេសដៃក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសម្របសម្រួលឆ្ពោះទៅរកការបិទបញ្ចប់ជម្លោះ៕

ប្រភព៖ CNA

Share.