ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបានប្រកាសថា ចក្រភពអង់គ្លេស បានសម្រេច ផ្តល់ជំនួយ វ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១ម៉ឺន ៥ពាន់ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចក្រភពអង់គ្លេសបានថ្លែងថា វ៉ាក់សាំងចំនួន ៤១ម៉ឺន ៥ពាន់ដូស ដែលកម្ពុជានឹងទទួលបាននេះ ស្ថិតក្នុងចំណោមវ៉ាក់សាំង១០០លានដូស ដែលអង់គ្លេសសម្រេចផ្តល់ដល់បណ្តាប្រទេសដែលក្រីក្រជាងគេនៅពិភពលោក។

ឯកអគ្គរាជទូតរបស់អង់គ្លេសប្រចាំនៅកម្ពុជាបានថ្លែងដែរថា វ៉ាក់សាំងនេះនឹងជួយ ដល់ សហគមន៍មូលដ្ឋានដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាពនិង ស្តារជីវភាព រស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។

ប្រភពពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជំនួយ របស់អង់គ្លេសនេះ អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី០៤ ខែសីហា ខាងមុខនេះ។

ការសម្រេចផ្តល់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេសដល់កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមានដំណើរ ទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចមួយនេះមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ៕

Share.