រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការដ្ឋបាលរយៈ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ចាប់ពីម៉ោង២៣៖និង៥៩នាទីយប់ថ្ងៃទី២៩ខែកក្កដានេះរហូតដល់ថ្ងៃទី១២ខែសីហា រាល់ការ ធ្វើអាជីវកម្ម និងការធ្វើចរាចរណ៍ចុះឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនឹងត្រូវផ្អាកជា បណ្តោះអាសន្ន នៅចន្លោះម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ។

អាជីវកម្មដែលត្រូវផ្អាកជាបណ្តោះអាសន្ននោះរួមមាន៖ សាលារៀន សាលាបណ្តុះបណ្តាល វិជ្ជាជីវៈ​ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ខារ៉ាអូខេ រង្គសាល ឌីស្កូតេក បៀរហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ ហាងលក់គ្រឿងស្រវឹង រោងភាពយន្តនិងសិល្បៈជាដើម។

នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ ២០២១នេះ។

ដោយឡែកចំពោះអាជីវកម្មដែលមិនត្រូវបានហាមឃាត់ ម្ចាស់អាជីវកម្មត្រូវអនវុត្តឲ្យបាន ត្រឹមត្រូវតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលដោយត្រូវបំពេញកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតនិងការរក្សាអនាម័យជាដើម។ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង,  ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)៕

Share.