បុរសម្នាក់លួចម៉ូតូបានសម្រេចរំលង ៣ថ្ងៃចុងក្រោយត្រូវសមត្ថកិច្ចកំណត់អត្តសញ្ញាណឃាត់ខ្លួនបានកសាងសំណុំរឿងបញ្ជូនទៅតុលាកា។

នគរបាលបានរៀបចំបែបបទបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការជាប់ពាក់ព័ន្ធករណីលួចម៉ូតូ ១គ្រឿងរបស់ប្រជាពលរដ្ឋក្នុងស្រុកថ្មគោល។

លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការនគរបាលរងស្រុកថ្មគោលបានឲ្យដឹងថា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១កន្លងមកនេះនគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលស្រុកបវេលបានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន ១នាក់នៅត្រង់ចំណុចភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបរវេល ខេត្តបាត់ដំបង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះស៊ុន បញ្ញា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ។នៅថ្ងៃកើតហេតុថ្ងៃទី ២៥ ខែកក្កដា បានធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីម សេរី ឆ្នាំ ២០១៨ មួយគ្រឿងរបស់ជនរងគ្រោះឈ្មោះធួន ប៊ុនថេន ភេទប្រុស អាយុ ៤២ឆ្នាំរស់នៅភូមិបល្ល័ងក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល នាំឲ្យជនរងគ្រោះរត់ទៅប្តឹងដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ក្រោយឃាត់ខ្លួនជនបង្ក កម្លាំងផ្នែកជំនាញបានដកហូតបានម៉ូតូ ១គ្រឿងជារបស់ជនរងគ្រោះ ហើយបានប្រគល់ឲ្យម្ចាស់ដើមវិញ។ ក្រោយមកផ្នែកជំនាញមូលដ្ឋានស្រុកថ្មគោលបានរៀបចំបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.