នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Shtayyeh កាលពីថ្ងៃចន្ទបានចោទប្រកាន់ប្រទេសលោកខាងលិចថា បានផ្តល់ឱ្យអ៊ីស្រាអែលនូវសិទ្ធិសម្លាប់មនុស្សតាមចិត្ត នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Barrons នាថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមខ្មាន់កាំភ្លើងហាម៉ាស់ បានបាញ់ឆ្លងព្រំដែន កាលពីថ្ងៃទី ៧ ខែតុលា ហើយបើតាមការឱ្យដឹងពីមន្ត្រីអ៊ីស្រាអែល ក្រុមហាម៉ាស់ បានសម្លាប់មនុស្សជាង ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។

ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ ក៏បាននិយាយដែរថា មនុស្សជាង ៥,០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

លោក Shtayyeh បានលើកឡើងអំឡុងកិច្ចប្រជុំមួយនៃរដ្ឋាភិបាលរបស់អាជ្ញាធរប៉ាឡេស្ទីនថា «អ្វីដែលយើងឮពីមាត់របស់ថ្នាក់ដឹកនាំអ៊ីស្រាអែល ស្តីពីការត្រៀមបើកការឈ្លានពាន តាមផ្លូវគោកមានន័យថា ឧក្រិដ្ឋកម្ម អំពើឃោរឃៅ និងការបង្ខំឱ្យផ្លាស់ទីលំនៅ។ យើងថ្កោលទោសសេចក្តីថ្លែងការណ៍នានា ដែលស្មើនឹងការផ្ដល់សិទ្ធិឱ្យកាប់សម្លាប់ដល់អ៉ីស្រាអែល ជួយផ្តល់របាំងការពារនយោបាយ សម្រាប់ឱ្យអ៉ីស្រាអែលប្រព្រឹត្តអំពើសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញពាសពេញតំបន់ Gaza»។

សូមជម្រាបថា ប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Rishi Sunak អធិការបតីអាល្លឺម៉ង់ Olaf Scholz និងមេដឹកនាំផ្សេងទៀតបានទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីបង្ហាញការគាំទ្រចំពោះ «សិទ្ធិការពារខ្លួន» របស់អ៉ីស្រាអែល ខណៈអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល កុំល្មើសច្បាប់មនុស្សធម៌អន្តរជាតិ។

ទន្ទឹមនោះមេដឹកនាំនៃបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងអ៉ីតាលី បានគូសបញ្ជាក់ជាថ្មីអំពី គោលជំហរដដែលនោះ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក្រោយកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ៕

ប្រភព៖ Barrons

Share.