ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​ថៃ និង​ក្រុម​អ៊ីរ៉ង់ បាន​​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះ​ថា Continental Futsal Championship នៅ​រាជធានី​បាងកក ដោយ​ត្រូវ​ប៉ះ​គ្នា​នៅ​វេលា​ម៉ោង​៤:៣០នាទី​រសៀល​ថ្ងៃ​ទី​ ៣០​ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

សម្រាប់​ប្រកួត​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៧ បាន​ទៅ​ក្រុម​លីទុយអានី ក្រោយ​ឈ្នះ​លើ​ក្រុម​កូសាវូ ៣ទល់២ ខណៈ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៥ គឺ​ក្រុម​ម៉ូហ្សាំប៊ិក ប៉ះ​ក្រុម​តាហ្ស៊ីគីស្ថាន និង​ជំនួប​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣​ ក្រុម​អេហ្ស៊ីប ត្រូវ​ជួប​ក្រុម​អ៊ូបេគីស្ថាន។ ​

សូម​បញ្ជាក់​ថា​ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​៨ក្រុម ដោយ​បែងចែក​ជា​២ពូល ក្នុង​នោះ​ ពូល A មាន​ម្ចាស់​ផ្ទះ​ថៃ, ​អ៊ូបេគីស្ថាន, កូសឺវ៉ូ និង​ម៉ូហ្សាំប៊ិក ហើយ​ពូល B មាន​លីទុយអានី,អេហ្ស៊ីប,​តាហ្ស៊ីគីស្ថាន និង​អ៊ីរ៉ង់ ដោយ​​ប្រកួត​​ពី​ថ្ងៃ​ទី២៥ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​មាន៖
-អ៊ីរ៉ង់ ៧-៥ អ៊ូបេគីស្ថាន
-ថៃ ១-០ អេហ្ស៊ីប

នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ថៃ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ ជាមួយ​ក្រុម​តំបន់​អាស៊ី​៤ទៀត​មាន​ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម៕

Telegram-Troryorng
Share.