ក្រសួងការបរទេសកូរ៉េខាងជើង បានចោទប្រកាន់អ៊ីស្រាអែល ថា បានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី១៧ ខែតុលា ដោយនិយាយថា «គេបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយបើកចំហ» ក្រោមការជួយជ្រោមជ្រែងដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងក៏បានបន្ទោសសហរដ្ឋអាមេរិកផងដែរសម្រាប់ការផ្តល់ភ្លើងខៀវ ឱ្យប្រទេសអ៊ីស្រាអែល ក្នុងការសម្លាប់រង្គាលប្រជាជនប៉ាឡេស្ទីនតាមអំពើចិត្ត ដោយផ្គត់ផ្គង់អាវុធ និងជំនួយយោធា រួមទាំងការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅតំបន់មជ្ឈិមបូព៌ា។ .

អ្នក​នាំពាក្យ​រូប​នេះ​បាន​និយាយ​ថា​៖ «​នេះ​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​ជា​អ្នក​សមគំនិត​ដែល​បាន​គិត ​និង​ជំរុញឱ្យអ៊ីស្រាអែលមាន​ការ​ប្រល័យពូជសាសន៍​​​»។

យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស មិនបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការអត្ថាធិប្បាយរបស់ខ្លួនឡើយ។ ប៉ុន្ដែប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​តែងតែ​ប្រកែក​ប្រឆាំង​នឹង​ទស្សនៈ​លោកខាងលិច ជាពិសេស​អាមេរិក​ចំពោះ​បញ្ហា​អន្តរជាតិ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សាបាននិយាយថា «មនុស្សចំនួន ៤៧១នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនៅមន្ទីរពេទ្យ Al-Ahli al-Arabi កាលពីដើមខែតុលានេះ»។ ខណៈប៉ាឡេស្ទីន និងរដ្ឋអារ៉ាប់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារមន្ទីរពេទ្យ។

ប៉ុន្ដែភាគីនៃប្រទេសអ៊ីស្រាអែល បាននិយាយថា ការបំផ្ទុះនេះបណ្តាលមកពីការបាញ់គ្រាប់រ៉ុក្កែតបរាជ័យដោយក្រុមហាម៉ាស់ ឬក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាតប៉ាឡេស្ទីន ហើយអ៉ីស្រាអែល បានបដិសេធមិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះឡើយ៕

ប្រភព៖ CNA

Share.