ភ្នំពេញ៖ករណីក្មេងៗសិស្សសាលាវាយគ្នាក្នុងថ្នាក់រៀននិងបង្ហោះលើបណ្តាញសង្គមត្រូវបានផ្ទុះការចាប់អារម្មណ៍ជាថ្មីទៀត បន្ទាប់ពីឃ្លីបវីដេអូសិស្សស្រីក្មេងៗវាយតប់គ្នានៅសាលា សុវណ្ណភូមិសាខាទី១៤ កាលពីទី២១ ខែតុលា ឆ្នាំ២០២៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ករណីនេះបង្កការភ្ញាក់ផ្អើលរហូតមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែ១ បើកការស្រាវជ្រាវ ឈានដល់ការកោះហៅភាគីទាំងសងខាង រួមមានឳពុកម្តាយផង មកសម្របសម្រួល ធ្វើកិច្ចសន្យា បញ្ចប់រឿងដោយសុំទោសលើភាគីក្មេងស្រីរងគ្រោះ។

សកម្មភាពវាយតប់គ្នាដែលបានបង្ហោះលើបណ្តាញសង្គម។រូបភាពពីហ្វេសប៊ុក។

តែចំណោទបញ្ហាក្នុងរឿងនេះ នៅតែកើតមានឡើងដដែរជាដដែរដោយអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហាញមតិងឿងឆ្ងល់ថា តើការវាយតប់គ្នាត្រូវបញ្ចប់ត្រឹមសុំទោសឬយ៉ាងណា?

ដោយក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាបានចែងផ្តន្ទាទោសចំពោះសកម្មភាពហិង្សាដោយចេតនា បង្ករបួសស្នាមលើតែនីតិជន(ជនមានអាយុលើសពី១៨ឆ្នាំ) ដូច្នេះ ករណីក្មេងៗជាអនីតិជន(ជនមានអាយុក្រោម១៨ឆ្នាំ)ត្រូវបានដោះស្រាយត្រឹមធ្វើកិច្ចសន្យាកម្រិតសាលា និងប៉ុស្តិ៍ប៉ូលីសតែប៉ុណ្ណោះ ដោយមិនមានការដាក់ទោសទណ្ឌអ្វីនោះឡើយ។

ចំពោះមុខបាតុភាពមួយនេះសារព័ត៌មានត្រយងបានសម្ភាសន៍អ្នកធ្វើការងារផ្នែកសង្គមនិងអប់រំមួយចំនួនដើម្បីជាទស្សនទានមួយជ្រុងរកដំណោះស្រាយមួយលើបញ្ហានេះ។

សមត្ថកិច្ចកោះហៅសមាជិកក្មេងស្រីបង្កហេតុនិងក្មេងស្រីរងគ្រោះមកដោះស្រាយបញ្ចប់វិវាទ។រូបភាពពីបណ្តាញសង្គម។

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពយល់ថា បាតុភាពក្មេងៗសិស្សសាលាវាយតប់គ្នានេះ ជារូបភាពអសកម្មភាពមួយធ្វើឱ្យខូចខាតកិត្តិយសទាំងបុគ្គលដែលប្រព្រឹត្តិ ទាំងសាលារៀន និងមុខមាត់ប្រទេសជាតិផងដែរ។ អ្វីដែលជាផលជៈដរចេញពីរឿងនេះ គឺការបាក់ស្បាតបាក់ស្មារតីក្មេងជាជនរងគ្រោះដែលត្រូវការការយកចិត្តទុកដាក់ព្បាបាលផ្លូវចិត្តទៅថ្ងៃខាងមុខ។ ដោយទិដ្ឋភាពច្បាប់ពុំបានពន្លាត់ដល់ក្មេងៗជាអនីតិជន ដូច្នេះលោក យ៉ង់ គឹមអេង និយាយថា តួនាទីសាលានិងក្រុមគ្រួសារត្រូវមានភារកិច្ចចាំបាច់ដើម្បីបន្សាបលើបាតុភាពអវិជ្ជមាននេះ។

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព។រូបភាពពីហ្វេសប៊ុកលោក យ៉ង់ គឹមអេង។

លោកថា ក្រុមគ្រួសារពិសេសអាណាព្យាបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដានសកម្មភាពខុសប្រក្រតីរបស់កូនៗ ដោយត្រូវមានវិធានការអប់រំ តម្រង់ទិសកូនៗជៀសវាងការសេពគប់មិត្តមិនល្អដែលអាចនាំទុក្ខទោសដល់ពួកគេ។ ដោយឡែកវិធានការនៅសាលារៀនវិញលោកថា សាលាត្រូវអនុវត្តវិធានការតឹងរឹងតាមបទបញ្ជាផ្ទៃក្នុងសាលាដោយពុំគួរយោគយល់ច្រើននោះទេក្នុងករណីនេះ។ មួយទៀតដែរលោកយល់ថា សាលាគួរបង្កើតកម្មវិធីតូចៗក្នុងសាលារៀនដោយអនុញ្ញាតឱ្យសិស្សៗមានក្លិបយុវជនដែលមានកម្មវិធី«មិត្តអប់មិត្ត» ដែលលើកឡើងពីកម្មវិធីអប់រំសីលធម៌រស់នៅ និងជាវេទិកាចែករំលែកចំណេះដឹងនានាទាក់ទងមេរៀនដែលប្រការនេះអាចជំរុញឱ្យសិស្សៗចេះស្រលាញ់គ្នា និងចេះជួយគ្នាទៅវិញទៅមក។

ដោយឡែកលោក សន ជ័យ ដែលជាអ្នកធ្វើការងារផ្នែកអប់រំនិងជានាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាផង លោកចង់ឃើញយន្តការសាលារៀនត្រូវអនុវត្តឱ្យបានតឹងរឹងជាដាច់ខាត ដោយពុំគួរចាត់ទុកបញ្ហាសិស្សសាលាវាយគ្នានេះត្រឹមជារឿងតូចតាចនោះទេ។ លោកថា ការអនុវត្តត្រឹមធ្វើកិច្ចសន្យាសុំទោសបញ្ចាប់រឿងគឺមិនទាន់អាចដោះស្រាយចំដំបៅនៃបញ្ហានេះនោះទេ ពោលការអនុវត្តបទបញ្ហាផ្ទៃក្នុងសាលាដោយអាចឈានដល់ការបណ្តេញចេញសិស្សដៃដល់គួរយកជាជម្រើសពិចារណាអនុវត្តផងដែរ។

លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា។រូបភាពពីហ្វេសប៊ុកលោក សន ជ័យ។

សូមរំលឹកបន្តិចថា ករណីទាក់ទងក្មេងទំនើងវាយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសធ្លាប់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ការបង្រ្កាប​ក្មេង​ទំនើង​ អាជ្ញាធរ​នឹង​ចាត់​តាម​នីតិវិធី​ផ្សេងៗ​ករណី​ក្រុម​ក្មេង​ទំនើង​​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ណាមួយ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​មជ្ឈឹម​ ឬ​បទ​ឧក្រិដ្ឋ​ ពោលគឺត្រូវ​បញ្ជូន​ទៅ​តុលាការ​តែ​ម្តងដោយគ្មានការធ្វើកិច្ចសន្យារួចផុតទោសនោះទេ។

គូសបញ្ជាក់ថា ​តាម​ការ​សិក្សា​របស់​អង្គការ​យូនីសេស​បង្ហាញថា​ ក្មេង​ជំទង់​៥២% ​មាន​មិត្ត​ភ័ក្ត​ក្នុង​ក្រុម​គឺ​ជា​ក្មេង​ទំនើង​។ ​តាម​ការ​ស្ទង់​មតិ​នេះ ​បង្ហាញ​ទៀត​ថា​ ៨១% ​នៃ​ក្មេង​ជំទង់​ពួកគេ​ធ្លាប់​ផឹក​គ្រឿង​ស្រវឹង​ ខណៈ​៤៤% ​និយាយថា​ ពួកគេ​ធ្លាប់​ប្រើ​គ្រឿង​ញៀន​ម្តង​ក្នុង​មួយ​ឆ្នាំ​៕

Share.