ភ្នំពេញ៖​ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ បញ្ជាក់ច្បាស់ៗក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ២០២៣ថា ករណីចាប់បានបេក្ខជនប្រឡងរូបណាដែលហ៊ានយកសំណៅឯកសារឬព្រីយ៉ុង និងគ្រឿងអេឡិចត្រនិចចូលដល់ក្នុងថ្នាក់ឬក្រោយពេលគោះជួងប្រឡងនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ ចំពោះករណីនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីថា បើសិនជាបេក្ខជនភ្ញាក់រលឹកប្រគល់ព្រីយ៉ុងនិងគ្រឿងអេឡិចត្រនិចដូចជាទូរស័ព្ទ និងម៉ាស៊ីនគិតលេខជូនគ្រូទទួលបន្ទុកថ្នាក់និងអនុរក្សមុនជួងគោះបន្លើរឡើង នោះនឹងអាចរួចផុតទោសកំហុស។ នេះបើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំថ្លែងចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងអប់រំ។រដ្ឋមន្ត្រីក្រសួងអប់រំ៖ បេក្ខជនដែលយកសំណៅឯកសារ គ្រឿងអេឡិចត្រនិចចូលថ្នាក់ និងចម្លងគ្នាឬឱ្យគេប្រឡងជំនួសនឹងធ្លាក់ស្វ័យប្រវត្តិ។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ថ្លែងក្នុងសន្និសីទកាសែត។រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ។

មួយវិញទៀត ករណីឱ្យធ្លាក់ដោយស្វ័យប្រវត្តិផងដែរ គឺករណីបេក្ខជនប្រឡងលួចចម្លងគ្នាដោយមានការបញ្ជាក់កំណត់ហេតុពីគ្រូទទួលបន្ទុកថ្នាក់ឬអនុរក្ស នោះបេក្ខជនក៏ត្រូវចាត់ទុកឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ ចំណុចមួយទៀតនោះ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏រំលឹកពីករណីឱ្យគេប្រឡងជំនួសនោះក៏ត្រូវចាត់ទុកថាធ្លាក់ផងដែរ ហើយអ្នកដែលទទួលកម្រៃជើងសារប្រឡងជំនួសគេនឹងត្រូវប្រឈមមុខផ្លូវច្បាប់ករណីក្លែងបន្លំឯកសារដែលជាទោសព្រហ្មទណ្ឌ។

យ៉ាងណាករណីប្រឡងជំនួសនេះ បើតាម​ឯកឧត្តមបណ្ឌិត​ គឺមិនដែលប្រទះឃើញបាតុភាពបែបនេះទៀតឡើយ បន្ទាប់ពីក្រសួងដាក់ចេញនូវយន្តការរឹតបណ្តឹងការប្រឡងពោល «អ្នកចេះគឺជាប់»។

ជាការកត់សម្គាល់ បាតុភាពអសកម្មដូចជា ករណីលួចលាក់ឯកសារ និងគប់ព្រីយ៉ុង ហាក់ត្រូវបានស្ងប់ស្ងាត់បន្ទាប់ពីក្រសួងអប់រំបានរឹតបណ្តឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនេះ។ មួយវិញទៀត រយៈពេលចុងក្រោយនេះនៅតាមមណ្ឌលប្រឡងទូទាំងប្រទេស ក៏មានការយាមកាមយ៉ាងតឹងរឹងពីសំណាក់កងកម្លាំងមានសមត្ថកិច្ចផងដែរ។

បើតាមប្រសាសន៍របស់​ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ការបន្តយន្តការរឹតបណ្តឹងនេះជាផ្នែកមួយជួយឱ្យសិស្សានុសិស្សប្រឹងប្រែងរៀនសូត្រ ស្គាល់ពីសមត្ថភាពពិតរបស់ខ្លួនឯង ហើយកម្ពុជាក៏នឹងអាចទទួលបានធនធានមនុស្សដែលមានចំណេះដឹងនិងសមត្ថភាពពិតប្រាដកផងដែរ។

សូមបញ្ជាក់ជូនថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ និង០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ចំណែកថ្ងៃប្រកាសលទ្ធផលគឺនៅថ្ងៃទី២៨ខែឆ្នាំដដែរ នាវេលារសៀលសម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល។ ដោយឡែកតាមបណ្តាខេត្តវិញនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២៣។

សម្រាប់សម័យប្រឡងបាក់ឌុបថ្ងៃទី០៦ វិច្ឆិកា ២០២៣នេះ មានបេក្ខជនសរុប១៣៧.៤១២នាក់ (ស្រី៧២.២៧៨នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន៤១.៣៧៩នាក់(ស្រី២៤.៧៨៩នាក់)។ដោយឡែកថ្នាក់វិទ្យាសាស្រ្តសង្គមវិញមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩នាក់)។បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់។

សម្រាប់មណ្ឌលប្រឡងវិញមានសរុប២២៧មណ្ឌល សរុប៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ៧២ មណ្ឌល សរុប១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តមានចំនួន១៥៥មណ្ឌល សរុប៣.៨៦១បន្ទប់។

រីឯគណៈមេប្រយោគនិងគណៈកម្មការដែលចូលរួមក្នុងដំណើរការប្រឡងមានសរុប២៩.៥២៥នាក់ ក្នុងនោះមកពីក្រសួងមានចំនួន៤.១២៦នាក់ និងមកពីថ្នាក់រាជធានីខេត្តចំនួន២៥.៣៩៩នាក់៕

Share.