ភ្នំពេញ៖ ថ្លែងបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅតែសង្កត់ធ្ងរជាថ្មីទៀតថា ក្រសួងពុំទាន់សម្រេចគោលការណ៍ផ្តល់អតិ្ថភាពជូនដល់សិស្សប្រឡងជាប់និទ្ទេសល្អៗដូចជានិទ្ទេស A,B,C ឱ្យជាប់ក្លាយជាគ្រូបង្រៀនដោយស្វ័យប្រវត្តិនោះទេ ពោលគឺត្រូវឆ្លងកាត់ការប្រឡងមួយដំណាក់កាលទៀតបើសិនជាបេក្ខជនចង់ក្លាយគ្រូបង្រៀនមែននោះ។

ការបញ្ជាក់ជាថ្មីទៀតនេះតបតាមសំនួររបស់អ្នកសារព័ត៌មាននាសន្និសីទកាសែតស្តីពី«ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ២០២៣»នៅទីស្តីការក្រសួងអប់រំ។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ។រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ។

ចំពោះមុខវិជ្ជាដែលត្រូវប្រឡងចូលជាគ្រូបង្រៀននោះ គឺមានមុខវិជ្ជាឯកទេស(ភាសាខ្មែរ គណិត រូប គីមី ជីវៈ…)ដែលបេក្ខជនស្រឡាញ់បូកនឹងមុខវិជ្ជាចំណោះដឹងទូទៅ។

ឯកឧត្តមរដ្ឋមន្រ្តីពន្យល់ថា ការណ៍ដែលក្រសួងសម្រេចធ្វើតេស្តប្រឡងលើបេក្ខជននិទ្ទេសល្អៗដែលដាក់ពាក្យប្រឡងគ្រូនេះ ព្រោះដើម្បីចម្រាញ់កាន់តែប្រាដកថាបេក្ខជនពិតជាមានសមត្ថភាពសាកសមក្លាយជាគ្រូដែលមានចំណេះដឹងពិតប្រាកដជាក់លាក់។

សូមបញ្ជាក់ជូនថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ និង០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ចំណែកថ្ងៃប្រកាសលទ្ធផលគឺនៅថ្ងៃទី២៨ខែឆ្នាំដដែរ នាវេលារសៀលសម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល។ ដោយឡែកតាមបណ្តាខេត្តវិញនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២៣។

សម្រាប់សម័យប្រឡងបាក់ឌុបថ្ងៃទី០៦ វិច្ឆិកា ២០២៣នេះ មានបេក្ខជនសរុប១៣៧.៤១២នាក់ (ស្រី៧២.២៧៨នាក់)ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន៤១.៣៧៩នាក់(ស្រី២៤.៧៨៩នាក់)។ដោយឡែកថ្នាក់វិទ្យាសាស្រ្តសង្គមវិញមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩នាក់)។បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់។

សម្រាប់មណ្ឌលប្រឡងវិញមានសរុប២២៧មណ្ឌល សរុប៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន៧២មណ្ឌល សរុប១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តមានចំនួន១៥៥មណ្ឌល សរុប៣.៨៦១បន្ទប់។

រីឯគណៈមេប្រយោគនិងគណៈកម្មការដែលចូលរួមក្នុងដំណើរការប្រឡងមានសរុប២៩.៥២៥នាក់ ក្នុងនោះមកពីក្រសួងមានចំនួន៤.១២៦នាក់ និងមកពីថ្នាក់រាជធានីខេត្តចំនួន២៥.៣៩៩នាក់៕

Share.