ភ្នំពេញ៖ យ៉ាងហោចណាស់ស្រុកចំនួន១០ និងរោងចក្រចំនួន៩ ស្ថិតក្នុងខេត្តកណ្កាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ត្រូវបានវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងក្រសួងសមីបានផ្តល់ទាំងជំនួយផ្នែកបច្ចេកទេស និងថវិកា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែកអនាម័យក្នុងរោងចក្រនិងក្នុងសហគមន៍ឱ្យកាន់តែមានភាពល្អប្រសើរ។ គោលដៅរួមមួយនេះត្រូវបានសម្ពោធក្នុងអង្គសិក្ខាសាលាស្តីពី ការរចនាគម្រោង«ជើងឯកលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់រោងចក្រនិងសហគមន៍»ដំណាក់កាលទី២ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សម្ពោធគម្រោង«ជើងឯកលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់រោងចក្រនិងសហគមន៍»ដំណាក់កាលទី២។

គម្រោងដំណាក់កាលទី២ ដែលមានរយៈពេល៣ឆ្នាំ​ ចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៦ ខាងមុខនេះ គ្រោងនឹងសម្រេចឱ្យបាននូវវឌ្ឍនភាពនៃសុខមាលភាពពលរដ្ឋនិងកម្មកររោងចក្រ ដើម្បីឱ្យពួកគេមានលទ្ធភាពបង្កើនផលិតភាពការងារបានល្អប្រសើរជាងពេលកន្លងទៅ។

លោកស្រី សាំង សូដានី ប្រធានការសិក្សាប្រសិទ្ធភាពនិងទំនាក់ទំនងនៃអង្គការ WaterAid Cambodia លើកឡើងថា មូលហេតុដែលអង្គការកៀរគរថវិកាវិនិយោគបញ្ហាអនាម័យតាមរោងចក្របែបនេះ ដ្បិតការសិក្សារបស់អង្គការ WaterAid អន្តរជាតិ បានសិក្សារកឃើញគំរូរោងចក្រក្នុងប្រទេសឥណ្ឌានិងបង់ក្លាដេសដែលបានគិតគូរពីបញ្ហាប្រព័ន្ធអនាម័យទឹកស្អាតក្នុងរោងចក្រ ធ្វើឱ្យផលិតភាពការងាររបស់កម្មករមានកំណើនកាន់តែល្អប្រសើរ។ លោកស្រីថា កម្ពុជាដែលចំណូលមួយផ្នែកធំបានពីវិស័យវាយនភ័ណ្ឌនោះ គឺការវិនិយោគលើបញ្ហាអនាម័យក្នុងរោងចក្រជាការចាំបាច់និងត្រូវយកចិត្តទុកដាក់ប្រព័ន្ធអនាម័យឱ្យបានល្អ។

លោកស្រីថា “អង្គការ WaterAid ក្រោមជំនួយពី VF និងការសម្របសម្រួលគាំទ្រពីក្រសួងសាម៉ី និងម្ចាស់រោងចក្រ បានផ្តល់ជំនួយបច្ចេកទេសបណ្តុះបណ្តាលផ្សព្វផ្សាយឱ្យមានការផ្លាស់ប្តូរឥរិយាបថ។ រោងចក្របានកែលម្អប្រព័ន្ធអនាម័យ និងទឹកស្អាតឱ្យបុគ្គលិករបស់ពួកគេ ដូចជា រៀបចំជាធុងទឹកស្អាតដែលមានទឹកក្តៅទឹកត្រជាក់ ចែកដបទឹកជូនកម្មករ កែលម្អបង្គន់អនាម័យ ព្រមទាំងមានរៀបចំសកម្មភាពចែករំលែកចំណេះដឹង និងយុទ្ធនាការផ្សព្វផ្សាយអំពីទឹកស្អាត និងអនាម័យជាប្រចាំជាដើម។”

លោកស្រី សាំង សូដានី ប្រធានការសិក្សាប្រសិទ្ធភាពនិងទំនាក់ទំនងនៃអង្គការ WaterAid Cambodia។

លោក យ៉ាន អៈ តំណាងម្ចាស់ជំនួយ VF ថ្លែងក្នុងកម្មវិធីថា ការបន្តជំនួយដំណាក់កាលទី២នេះ ដោយសារមើលឃើញពីភាពជោគជ័យនាពេលកន្លងមក ដោយគម្រោងសម្រេចបាននូវបំណងដែលមូលនិធិចង់ឃើញពីជីវភាពប្រជាពលរដ្ឋនិងកម្មករមានភាពល្អប្រសើរ ហើយសុខមាភាព និងសុខភាព ជាផ្នែកមួយត្រូវយកចិត្តទុកដាក់ខ្ពស់។ លោកថា ស្ថានភាពអនាម័យពិសេសការទទួលបានទឹកស្អាតដើម្បីទទួលទានក្នុងរោងចក្រនៅមានកម្រិតនៅឡើយ ពោលទឹកដែលកម្មករយកបរិភោគនៅមិនទាន់អាចធានាពីគុណភាពអនាម័យបាននៅឡើយ។ ប្រការនេះទើបមូលនិធិVF សម្រេចផ្តល់ជំនួយជាថវិកាសហការជាមួយភាគីពាក់ព័ន្ធជួយរៀបចំរចនាសម្ព័ន្ធទឹកស្អាតក្នុងរោងចក្រ ធ្វើយ៉ាងណាធានាថា កម្មករ កម្មការិនី អាចទទួលទឹកស្អាតមកបរិភោគតម្រូវការ។

លោក យ៉ាន អៈ តំណាងម្ចាស់ជំនួយ VF។

អ្នកតំណាងមកពីរោងចក្រ ស៊ីស ហ្គូបបោល ក្នុងតំបន់សេដ្ឋកិច្ច7&G អ្នកស្រី សោម ស្រីមួ និយាយថា ចាប់តាំងពីមានគម្រោងកែលម្អប្រព័ន្ធអនាម័យក្នុងរោងចក្រមក ឃើញថាក្នុងរោងចក្រមានបំពាក់នូវសម្ភារៈចម្រុះទឹកស្អាតមានទាំងទឹកក្តៅនិងទឹកត្រជាក់ ហើយទីកន្លែងសម្រាប់កម្មករលាងដៃ ជាមួយបង្គន់អនាម័យក៏មានលក្ខណៈល្អប្រសើរជាងមុនច្រើន។ អ្នកស្រីថា ស្ថានភាពសុខភាពរបស់កម្មករនាពេលបច្ចុប្បន្នមានភាពខុសប្លែកជាពីមុន ខណៈកាលពីគ្រាមុនកម្មករតែងមានបញ្ហារាករុះ ហើយអនុវត្តមានជាញឹកញាប់។ តែចាប់តាំងពីមានការរៀបចំប្រព័ន្ធអនាម័យបានស្អាតល្អ កម្មករ កម្មការិនី ក៏មានសន្ទុះផលិតភាពការងារបានល្អប្រសើរជាងមុនប្រការនេះនាំឱ្យរោងចក្រក៏ទទួលបានផលចំណេញច្រើន។

អ្នកតំណាងមកពីរោងចក្រ ស៊ីស ហ្គូបបោល ក្នុងតំបន់សេដ្ឋកិច្ច7&G អ្នកស្រី សោម ស្រីមួ ធ្វើបទបង្ហាញពីសកម្មភាពអប់រំពីអនាម័យក្នុងរោងចក្រ។

ដោយឡែកលោក ថុន វិសាល តំណាងមកពីរោងចក្រកាត់ដេរសម្លៀកបំពាក់សាប្រ៊ីណា ស្ថិតក្នុងខេត្តកំពុងស្ពឺនិយាយថា ដោយមានការអន្តរាគមន៍ពីមូលនិធិVF ដែលបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែកអនាម័យនានាក្នុងរោងចក្រ ប្រការនេះធ្វើឱ្យកម្មករបានបង្កើននូវផលិតភាពការងារបានល្អប្រសើរជាងមុន។ ដោយមើលឃើញពីសារៈប្រយោជន៍ផ្នែកអនាម័យក្នុងរោងចក្របែបនេះ លោកថា ខាងភាគីថៅកែរោងចក្របានចូលរួមវិភាគទានក្នុងគម្រោងនេះដោយរោងចក្របានទិញជាបំពងដកទឹកចែកជូនកម្មករគ្រប់ៗគ្នាដើម្បីអាចឱ្យកម្មករដាក់ទឹកទទួលទានងាយស្រួលនិងមានអនាម័យ។ ជាងនេះរោងចក្រសាប្រ៊ីណា ក៏មានកម្មវិធីផ្នែកអប់រំអនាម័យដល់កម្មករជាប្រចាំផងដែរ ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងផ្នែកថែទាំសុខភាពមិនថាក្នុងរោងចក្រនោះទេ ក្នុងក្រុមគ្រួសារក៏អាចអនុវត្តបានផងដែរ។

លោក ថុន វិសាល ។

ផ្អែកតាមរបាយការណ៍រាយការណ៍ដោយលោក ឈន ឈឿន ប្រធានការិយាល័យនៃនាយកដ្ឋានថែទាំសុខភាព នៃក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យដឹងថា គម្រោងលើកកម្ពស់អនាម័យក្នុងរោចក្រនិងសហគមន៍នេះ ជាធាតុចូលសំខាន់មួយជួយជំរុញឱ្យផែនការសកម្មភាពថ្នាក់ជាតិកាន់តែខិតសម្រេចជោគជ័យកាន់តែឆាប់រហ័ស ដោយបច្ចុប្បន្នការដោះស្រាយបង្គន់អនាម័យទូទាំងប្រទេសបានសម្រេចបានជិត៩០ភាគរយហើយសម្រាប់ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់។ ដោយឡែកប្រព័ន្ធទឹកស្អាតវិញក៏កំពុងមានវឌ្ឍនភាពល្អប្រសើរផងដែរ ដោយសម្រេចបានប្រហែល៩០ភាគរយផងដែរសម្រាប់ផែនការសកម្មភាពថ្នាក់ជាតិ៕

Share.