ភ្នំពេញ៖ ទីបំផុតសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះនឹងក្លាយជាកត្តាលីករមួយជួយសម្រួលដោះស្រាយការកក់ស្ទុះសំណុំរឿងនៅតុលាការ និងជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៤ កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣។

យ៉ាងណាសម្តេចស្នើឱ្យមានវិធានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថ្មីនេះ ដ្បិតអាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រលំថា យន្តការមួយនេះបង្កើតឡើងដើម្បីបង្ខំពលរដ្ឋឱ្យដោះស្រាយទំនាស់ដោយមិនអាចទៅទទួលសេវាក្នុងប្រព័ន្ធតុលាការបាន។ មួយទៀតដែរ យន្តការអាជ្ញាធរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ត្រូវអនុវត្តទន្ទឹមគ្នានឹងយន្តការដែលមានស្រាប់តួយ៉ាង យន្តការដោះស្រាយវិវាទពាណិជ្ជកម្ម វិវាទដីធ្លី ជាដើម។

សេចក្តីព្រាងព្រះរាជក្រឹត្យដែលមាន ៦ជំពូក និង២២មាត្រ​ នេះត្រូវបានឆ្លងកាត់ការជជែកពិភាក្សាក្នុងអង្គការសិក្ខាសាលាដែលមានសមាសភាពពាក់ព័ន្ធចូលរួមជាច្រើនរួមទាំងដៃគូសង្គមស៊ីវិលផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជូនអង្គប្រជុំនៃគណៈរដ្ឋមន្រ្តី។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា យន្តការអាជ្ញាធរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងក្លាយជាឧបករណ៍គតិយុត្តិក្នុងការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទនៅមូលដ្ឋាន ពិសេសវិវាទរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី បន្តថា ​យន្តការមួយនេះមិនគ្របដណ្តប់លើទោសព្រហ្មទណ្ឌនោះទេ តែសំដៅដល់ការដោះស្រាយវិវាទដែលប្រជាពលរដ្ឋតែងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព និងភាពឆាប់រហ័ស។

ក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តីនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក៏សុំគោលការណ៍ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីដឹកនាំធ្វើយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ សំដៅធ្វើយ៉ាងណាសម្រេចឱ្យបានប្រសិទ្ធភាពខ្ពស់។

យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តីបានណែនាំពីគោលការណ៍មួយចំនួនដើម្បីឱ្យយន្តការនេះមានប្រសិទ្ធភាពខ្ពស់ ពោលគឺការដោះស្រាយត្រូវមានលិខិតឯកសារ ផ្តិតស្នាមមេដៃទទួលស្គាល់ពីគូរភាគី ដើម្បីឱ្យគូរទំនាស់អាចអនុវត្តតាមកិច្ចសម្របសម្រួលរបស់អាជ្ញាធរ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៤ផងដែរក្នុងនោះរួមមាន៖

១- សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

២- សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤

៣- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២

៤- សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួម និងបញ្ហាផ្សេងៗ។​

សូមរំលឹកថា សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធពីគ្រប់មជ្ឈដ្ឋានក្នុងនោះរួមទាំងសង្គមស៊ីវិលដែលជាតួអង្គឃ្លាំមើលការអនុវត្តរបស់រដ្ឋាភិបាលផងដែរ។ សេចក្តីព្រាងព្រះរាជក្រឹត្យត្រូវបានកែប្រែមាត្រាមួយចំនួនដើម្បីឱ្យមានសង្គតិភាពអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

Share.