ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ខេត្តកំពង់ស្ពឺជាខេត្តត្រូវបានរំដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះអស់ពីភូមិសាស្រ្តខេត្តតែម្តង និងជាខេត្តទី១៣ហើយដែលអស់មីន។ ការប្រកាសនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។

សម្តេចបានរំលឹកថា ខេត្តកំពង់ស្ពឺធ្លាប់ជាខេត្តមួយដែលជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ប្រការនេះធ្វើឱ្យខេត្តទាំងមូលស្ទើរតែគ្របដណ្តប់ដោយសារគ្រាប់មីន។ សម្តេចបន្តថា បច្ចុប្បន្នទីតាំងភូមិសាស្រ្តខេត្តកំពង់ស្ពឺបានកែប្រែពីតំបន់ញាំញីដោយសារសង្គ្រាម មកជាតំបន់កសិកម្ម និងទេសចរណ៍ និងជាតំបន់នៃបណ្តាំឧស្សាកម្មផងដែរ ដែលសមិទ្ធិផលទាំងនេះកើតចេញពីផ្លែផ្កានៃសន្តិភាព។

ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) ធ្លាប់បានប្រកាសកាលពីខែកក្កដា ឆ្នាំ២០២៣ នេះថា ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមីន គ្រោងប្រកាសខេត្តចំនួន៦ ដែលគ្មានមីន គឺខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ក្រុមការងារCmac កំពុងធ្វើការបោសសម្អាតមីន។រូបភាពពីហ្វេសប៊ុកCamc។

លោកទេសរដ្ឋមន្រ្តីថា គ្រាប់មីន និងគ្រាប់ជាតិផ្ទុះផ្សេងទៀតដែលបានរកឃើញ សរុបប្រមាណជាង៤លានគ្រាប់ ហើយត្រូវបានកម្ទេចចោលទាំងស្រុង។

ដោយឡែកលទ្ធផលបោសសម្អាត មីនចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រោមការផ្តល់ជំនួយដូចជាប្រទេសអូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវេស ចិន អៀឡង់ នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ ហុងគ្រី ឥណ្ឌា កាណាដា អង្កការសហប្រជាជាតិ សហភាពអឺរ៉ុប អេស្ប៉ាញ ស៊ុយអែត អូទ្រីស ប៊ែលហ្សិក បារាំង ហូឡង់ ហុងគ្រី និងដាណាម៉ាក់ ព្រមទាំងមូលនិធិ អង្កការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន៕

Share.