កំពង់ធំ៖ កុមារីរងគ្រោះ និង ក្រុមគ្រួសារ ដោយការបៀតបៀនផ្លូវភេទ និង ប៉ុនប៉ងរំលោភសេពសន្ថវៈ សូមអំពាវនាវដល់ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា និង ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត សូមមេត្តាជួយរកយុត្តិធម៌ដល់កូនស្រីគាត់ ដែលមិនទាន់គ្រប់អាយុផង ត្រូវគេរំលោភបំពានរាងកាយយ៉ាងធ្ងន់ធ្ងរ ដោយអាងទឹកប្រាក់ និង បក្ខពួកជាមន្ត្រីនគរបាលស្រុកប្រាសាទបាល័ង្គ។

កុមារីរងគ្រោះ ឈ្មោះ មានអាយុ១៤ឆ្នាំ រស់នៅភូមិក្រយាខាងត្បូង ឃុំក្រយា ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ បានឱ្យដឹងថា នៅវេលាម៉ោង៧ជាង យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ថ្ងៃកើតហេតុ ម្ដាយរបស់ខ្លួន បានប្រើឱ្យទៅសុំម្អមពីផ្ទះ ជនសង្ស័យឈ្មោះ បៀង បាល់ ដែលរស់នៅជិតគ្នា ដើម្បីយកមកបង់សម្លរ។ នៅពេលនោះ ក្មេងស្រីបានដើរទៅផ្ទះជនសង្ស័យ ក៏បានជួបនិងប្រាប់ប្រពន្ធជនសង្ស័យថា មីងម៉ាក់ឲ្យសុំម្អមមួយសម្ល បន្ទាប់មកប្រពន្ធជនសង្ស័យបានហុចពិលឱ្យ ក្មេងស្រីរងគ្រោះមួយ ដើម្បីយកទៅបញ្ចាំងបេះម្អម។

ក្រោយពីកុមារីរងគ្រោះបេះម្អមបានហើយ ក៏ដើរត្រឡប់មកវិញ ពេលនោះ ក៏ជួបជាមួយជនសង្ស័យឈ្មោះ បៀង បាល់ ស្លៀកតែក្រម៉ា បានស្រែកសួរថា មីអូន បើទូរសព្ទពូជាប់រឿងអាសអាភាសចឹង យើងអាចលុបចោលបានដែរឬទេ? ពេលនោះក្មេងស្រីរងគ្រោះក៏បានជួយមើល រួចប្រាប់ទៅជនសង្ស័យវិញថា លប់មិនបានទេពូ ព្រោះវាជាប់នៅក្នុង កម្មវិធី google។

កុមារីរងគ្រោះបានបន្តឲ្យដឹងទៀតថា បន្ទាប់មកជនសង្ស័យ ក៏បានដោះក្រមាដែលខ្លួនស្លៀកចេញ សល់តែខ្លួនទទេ ហើយចាប់ផ្ដើមធ្វើសកម្មភាព យកដៃរិតករ ចាប់អោប ធ្វើសកម្មភាពផ្សេងៗទៅលើរាងកាយក្មេងស្រីរងគ្រោះ ក៏ប៉ុន្តែក្មេងស្រីរងគ្រោះខិតខំរើបម្រាស់រហូតបានរួចផុត ហើយរត់មកជួបក្មេងស្រីៗពីរនាក់ទៀត រួចបាននិយាយប្រាប់ថា ពូបាល់ ចង់ចាប់រំលោភខ្លួន ទើបបាននាំគ្នារត់មកប្រាប់ម្ដាយនៅឯផ្ទះតែម្ដងទៅ។

នៅពេលក្មេងស្រីរងគ្រោះនាំគ្នាទាំងបីនាក់ រត់មកដល់ផ្ទះហើយប្រាប់ម្ដាយភ្លាមនោះ ជនសង្ស័យឈ្មោះបៀរបាល់ ក៏បានរត់មកសួរធ្វើពើថា មានរឿងអ្វីកើតឡើង ក្រោយពីបានឮសំណួររបស់ជនសង្ស័យបានសួរ យ៉ាងដូច្នេះ ក្មេងស្រីរងគ្រោះក៏បានឆ្លើយតបទៅវិញភ្លាមថា ពូធ្វើអ្វីដឹងខ្លួនឯងហើយកុំមកសួរធ្វើពើអី ពូធ្វើអ្វីខ្លះមកលើខ្ញុំមុននេះ។

ក្រោយកើតហេតុ ម្ដាយកុមារីរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រយា និង បន្តទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីឱ្យជួយរកយុត្តិធម៌ដល់កូនស្រីរបស់គាត់ ប៉ុន្តែមិនទទួលបានផលទេ ដោយភាគីជនសង្ស័យពុំព្រមទទួលកំហុសដែលខ្លួនបានប្រព្រឹត្ត តែសុំសងសំណងជាទឹកប្រាក់ ១លានរៀល បើទទួលយកបានក៏យកទៅ បើយកមិនបានទេ អញ្ជើញដល់ណាខ្លួនទៅតាមក្រោយ។

តាមម្តាយកុមារីរងគ្រោះបញ្ជាក់ដែរថា ជនសង្ស័យជាអ្នកមានប្រាក់ មានខ្សែ មានញាតិបក្ខពួកជាមន្ត្រីនគរបាលស្រុកកើតហេតុនោះ ដូច្នេះមិនសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ទេ ទើបនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ គាត់បានទៅប្តឹងនៅ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពី លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងទទួលផែនយេនឌ័រ ការពារអនីតិថិជន។ ដោយខាងជនសង្ស័យព្រមផ្តល់សំណង ចំនួន $១,០០០ បញ្ចប់រឿង តែគាត់មិនព្រមយក ទើបត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។

លោកស្រី កង កូយ ស្នងការរងបានឱ្យថា ដឹងកាលពីថ្ងៃទី២៥ តុលា ២០២៣ថា គាត់បានចារអោយកូនចៅបញ្ជួនសំណុំរឿងនេះទៅតុលាការហើយ។

ជាមួយគ្នាម្ដាយកុមារីរងគ្រោះ សូមអំពាវនាវដល់ ឯកឧត្តមព្រះរាជអាជ្ញា និងប្រធានសាលាដំបូងខេត្តកំពង់ធំ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត សូមមេត្តាជួយរកយុត្តិធម៌ដល់កូនស្រីគាត់ ដែលមិនទាន់គ្រប់អាយុផង ត្រូវគេរំលោភបំពានរាងកាយយ៉ាងធ្ងន់ធ្ងរ អាងបក្ខពួក និង ទឹកប្រាក់៕

អត្ថបទ៖ កំពង់ធំ

Share.