បាត់ដំបង÷ ក្រោយចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ២ថ្ងៃ នៅលើខ្សែទឹកបណ្តោយដងស្ទឹងសង្កែ ទូក ង ដែលជាប់ចំណាត់ថ្នាក់ជ័យលាភីលេខ១ ត្រៀមដឹកនាំទៅចូលរួមប្រកួតក្នុងក្របខ័ណ្ឌថ្នាក់ជាតិនៅពេលខាងមុខ។

មន្ត្រីគណ:កម្មការរៀបចំបុណ្យអុំទូកខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះថា ពិធីប្រណាំងទូក ង និងបណ្ដែតប្រទីបក្នុងខេត្តបាត់ដំបង រយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ដែលមានទូក ង ចម្រុះច្រើនចំណុះសរុបចំនួន ៤៥ទូកចូលរួមប្រកួតតាមរូបមន្តវិលជុំ ជាលទ្ធផលទូកដែលទទួលចំណាត់ថ្នាក់ឆ្នើមប្រចាំឆ្នាំរួមមាន: ទូកខ្នាតអន្តរជាតិ (ផ្នែកបុរស) ចំណុះ ២២នាក់ ជាប់ជ័យលាភីលេខ១ បានទៅលើទូកឈ្មោះ «យុវជនបាត់ដំបងសជ័យបារមីគង្គារ», ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ «អនុវិទ្យាល័យព្រែកនរិន្ទសជ័យ» និងលេខ៣បានទៅលើទូកឈ្មោះ «បាណន់មានជ័យ បារមីលោកតាដំបងដែក», លេខ៣ស្ទួនបានទៅលើទូកឈ្មោះ «ផ្សោតមានជ័យដែនដីសុវណ្ណ»។

ប្រភពមន្ត្រីជំនាញដដែលបានបន្តថា ជាមួយប្រភេទទូកជាប់ជ័យលាភីខាងលើក៏នៅមានទូក ង ប្រភេទទូកខ្លីប្រពៃណីផ្នែកបុរស លេខ១ បានទៅលើទូកឈ្មោះ «កាកបាទក្រហម សជ័យបារមីតេជោ» និងប្រភេទទូក ង វែងប្រពៃណីផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ «នរិន្ទរង្សី សពិជ័យ ចិត្របុត្រ»ផងដែរ។

ប្រភេទទូក ង នីមួយៗក្រោមការប្រកួតប្រណាំងដ៏តឹងតែងទៅតាមទំហំចំណុះទាំងអស់ចំពោះមុខកំពុងពង្រឹងចំណុចខ្លាំងបន្ថែមទៀតដើម្បីត្រៀមលក្ខណ:ទៅចូលរួមប្រកួតក្នុងក្របខ័ណ្ឌថ្នាក់ជាតិបន្តទៀតនាទីក្រុងភ្នំពេញ៕

អត្ថបទ៖ ដំបងក្រញូង

Share.