ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ប្រាប់សារព័ត៌មានត្រយងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះថា កំណត់ហេតុនៃកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងមានអនុភាពចាប់បង្ខំឱ្យគូភាគីត្រូវអនុវត្តតាមកិច្ចព្រមព្រៀង ដោយគូភាគីមិនអាចគេចវេះនោះឡើយ។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។រូបភាពពីទំព័រហ្វេសប៊ុករបស់ឯកឧត្តម ជិន ម៉ាលីន ។

ការគូសបញ្ជាក់បន្ថែមនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកជាថ្មីទៀតក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីននៅថ្ងៃទី៣០ខែតុលានេះ ដោយសម្តេចសង្កត់ធ្ងរថា យន្តការថ្មីនេះនឹងជួយសម្រួលដោះស្រាយវិវាទរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស ពិសេសជួយសម្រួលការកក់ស្ទះសំណុំរឿងនៅតុលាការដែលជាក្តីកង្វល់នាពេលបច្ចុប្បន្ននេះ។

សម្រាប់សារៈសំខាន់នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលគណៈរដ្ឋមន្រ្តីទើបបានអនុម័តកាលពីថ្ងៃសុក្រទី២៧ខែតុលាថ្មីៗនេះដែលនោះ ឯកឧត្តមអ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ថា យន្តការថ្មីនេះនឹងជួយសម្រួលការកក់ស្ទះសំណុំរឿងនៅតុលាការខណៈបច្ចុប្បន្នធនធាននៃការដោះស្រាយសំណុំរឿងនៅតុលាការនៅមានកម្រិតនៅឡើយ។ ចំណុចមួយទៀត ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងជួយឱ្យគូភាគីអាចផ្សះផ្សាគ្នាបានសះជាល្អនឹងអាចរក្សាសម្ព័ន្ធភាពល្អរវាងអ្នកជិត ពោលគឺបានបង្កើតភាពសុខដុមរម្យក្នុងសហគមន៍។ ចំណុចល្អមួយទៀតនោះ គឺយន្តការថ្មីនេះនឹងបង្កភាពងាយស្រួលថែមជាជម្រើសសម្រាប់ប្រជាពលរដ្ឋដែលមិនចាំបាច់ប្តឹងទៅតុលាការដែលអាចចំណាយពេលវេលា និងធនធានថវិកាច្រើន។

សម្រាប់វិវាទដែលស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ រួមមានវិវាទរដ្ឋប្បវេណី និងបទលហុដែលជាបទល្មើសព្រហ្មទណ្ឌស្រាលជាងគេ ពោលគឺមិនរៀបបញ្ចូលបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងរដូចជាបទមជ្ឈិម និងបទឧក្រិដ្ឋឡើយ។

ឯកឧត្តម ជិន ម៉ាលីន សង្កត់ធ្ងរទៀតថា យន្តការនេះគឺផ្តោតសំខាន់លើការដោះស្រាយលើជម្លោះឬវិវាទតាមសហគម៍មូលដ្ឋានតែប៉ុណ្ណោះ ហើយយន្តការមួយនេះ មិនលុបបំបាត់ការដោះស្រាយនៅតុលាការឡើយ ដោយគ្រាន់តែជួយបង្កើនប្រសិទ្ធភាពនៃការដោះស្រាយវិវាទឱ្យកាន់តែមានប្រសិទ្ធភាពតែប៉ុណ្ណោះ។

សម្រាប់លោក អំ សំអាត ដែលជាមន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូបានសម្តែងការគាំទ្រចំពោះយន្តការថ្មីមួយនេះ ដ្បិតថា យន្តការនេះនឹងអាចជួយសម្រួលការដោះស្រាយវិវាទនៅមូលដ្ឋានដូចជា ករណីរដ្ឋប្បវេណី ទំនាស់ពាណិជ្ជកម្ម ដែលបង្កភាពងាយស្រួល ប្រើពេលវេលាតិច មិនចំណាយថវិកាច្រើន ពិសេសបង្កើតភាពសុខដុមរម្យនា មិនបង្កអរិយភាពរវាងគ្នានិងគ្នាផងដែរ។ ចំពោះការរំពឹងទុករបស់លោក អំ សំអាត លោកចង់ឃើញស្ថាប័នមួយនេះអនុវត្តការដោះស្រាយវិវាទប្រកបដោយភាពសុក្រិត មានអព្យាក្រិត្យ ឯករាជ្យ ដោយមន្រ្តីអនុវត្តយន្តការនេះត្រូវមានការបណ្តុះបណ្តាលត្រឹមត្រូវឈរលើគោលការយុត្តិធម៌ មិនលម្អៀង និងមិនស៊ីសំណូកប្រព្រឹត្តិអំពើពុករលួយដែលអាចឱ្យពលរដ្ឋអស់ជំនឿទុកចិត្ត។

លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ។រូបភាពពីហ្វេសប៊ុក លីកាដូ។

តាមការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ គឺអាជ្ញាធរមានសមាសភាពចូលរួមពីតំណាងស្ថាប័នអង្គភាពទាំងអស់ចំនួន១១រូប ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​។

សូមរំលឹកថា សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធពីគ្រប់មជ្ឈដ្ឋានក្នុងនោះរួមទាំងសង្គមស៊ីវិលដែលជាតួអង្គឃ្លាំមើលការអនុវត្តរបស់រដ្ឋាភិបាលផងដែរ។ សេចក្តីព្រាងព្រះរាជក្រឹត្យដែលមាន ៦ជំពូក និង២២មាត្រ​ ​ត្រូវបានកែប្រែមាត្រាមួយចំនួនដើម្បីឱ្យមានសង្គតិភាពអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធផងដែរ៕

Share.