ភ្នំពេញ៖ លោក ហេង តារា តំណាងក្រុមអ្នកតវ៉ាករណីបុរីពិភពថ្មីកំបូល៣ រឹបអូសផ្ទះប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី៣០ខែតុលានេះថា នៅថ្ងៃស្អែកនឹងមានជំនួបចរចាដោះស្រាយវិវាទខាងលើដោយមានតំណាងភាគីចំនួនបី គឺតំណាងក្រុមប្រជាពលរដ្ឋ ភាគីបុរីពិភពថ្មី និងអាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញ។

លោក ហេង តារា តំណាងក្រុមអ្នកតវ៉ាករណីបុរីពិភពថ្មីកំបូល៣។រូបភាពពីលេឡេក្រាមរបស់លោក។

លោកបន្តថា ការឈានទៅដល់សុំកិច្ចអន្តរាគមន៍ពីអាជ្ញាធររាជធានីភ្នំពេញបែបនេះ កើតឡើងបន្ទាប់ពីភាគីបុរីពិភពថ្មីសាខាកាបូល៣ មិនព្រមចេញមុខដោះស្រាយសម្របសម្រួល ខណៈផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវបានខាងបុរីរឹបអូសជាបន្តបន្ទាប់។ ជាងនេះការឈានទៅបង្កើតជំនួបនៅថ្ងៃស្អែកនេះ ព្រោះប្រជាពលរដ្ឋរងគ្រោះមួយចំនួនបានចេញតវ៉ាជាច្រើនលើកច្រើនសារនិងបានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធររាជធានីផងដែរ។

 លោក ហេង តារា បញ្ជាក់ថា ចាប់តំាងពីវិបត្តិសកលកូវីដ១៩ និង វិបត្តិសេដ្ឋកិច្ច អតិថជនរបស់បុរីពិភពថ្មីសាខាកំបូល៣មិនមានលទ្ធភាពបង់រំលស់ទៅក្រុមហ៊ុននោះទេ ជាមូលហេតុដែលនាំឱ្យក្រុមហ៊ុនរឹបអូសផ្ទះត្រឡប់ទៅវិញ។តែយ៉ាងលោកថា ខាងភាគីក្រុមហ៊ុនបានរំលោភលើកិច្ចសន្យាដោយពុំព្រមអនុវត្តតាមកិច្ចព្រមព្រៀងដែលមានចែង។ក្នុងនោះក្រុមហ៊ុន ធ្លាប់ធានាទិញផ្ទះត្រឡប់ទៅវិញជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់រួច និងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម តែកិច្ចសន្យានេះពុំត្រូវបានអនុវត្តឡើយ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញពុំទាន់ឆ្លើយតបសំនួរតាមលេឡេក្រាមរបស់សារព័ត៌ត្រយងនៅឡើយទេនៅថ្ងៃនេះ ខណៈអ្នកតំណាងបុរីពិភពថ្មីសាខាកាបូល ៣ ក៏បដិសេធធ្វើការអត្ថាធិប្បាយរឿងនេះផងដែរ។

ផ្អែកតាមពាក្យស្នើសុំអន្តរាគមន៍របស់ក្រុមប្រជាពលរដ្ឋដែលសារព័ត៌មានត្រយងទទួលបាននៅថ្ងៃទី៣០ ខែតុលានេះ ពួកគេស្នើសុំអភិបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ដោះស្រាយដោយមានកម្មវត្ថុដូចខាងក្រោម៖

សំណើរបស់ក្រុមអ្នកតវ៉ា។ទទួលបានពីលោក ហេង តារា។

១.ស្នើឱ្យក្រុមហ៊ុនបុរីពិភពថ្មីរក្សាគោលការណ៍ទិញផ្ទះរបស់អតិថជនចូលវិញ ៥០% នៃប្រាក់បង់ប្រចាំខែទាំងអស់ បូកនឹងប្រាក់សងបន្ថែមសម្រាប់អតិថជនដែលអស់លទ្ធភាពបង់រំលស់។មួយទៀតក្រុមហ៊ុនត្រូវចេញលិខិតធានា ទិញចូល៥០% សម្រាប់អតិថជនកំពុងបង់រំលស់បន្ត និងប្រគល់ប្រាក់បងប្រចាំខែ៥០% បូកនឹងប្រាក់សងទម្លាក់ដើមឬប្រាក់សងបន្ថែម សម្រាប់ផ្ទះបុរីដែលកំពុងរឹបអូសទៅអតិថជនវិញ។

២.ស្នើសុំបុរីបន្ធូរបន្ថយប្រាក់បង់ប្រចាំខែមកត្រឹម៥០%រយៈពេល៨ឆ្នាំ។

និងទី៣.ស្នើសុំបុរីបញ្ចុះអត្រាការប្រាក់១២%ក្នុងមួយឆ្នាំមកត្រឹម៧.៥%ក្នុងមួយឆ្នាំ។

តាមការបញ្ជាក់ពីតំណាងអ្នកតវ៉ាខាងលើ ផ្ទះដែលមាននៅក្នុងបុរីមានចំនួនប្រមាណ១៥០០ខ្នងផ្ទះ ហើយប្រជាពលជាង២០០គ្រួសារកំពុងត្រូវបានបុរីរឹបអូសនិងកំពុងប្រឈមការរឹបអូស។ ចំណែកនៅថ្ងៃស្អែកនេះដែរ ក្រុមប្រជាពលរដ្ឋគ្រងនឹងបន្តចេញតវ៉ាបន្តទៀតនៅមុខសាខាបុរីពិភពថ្មី៣ ស្ថិតក្នុងខណ្ឌកាបូល រាជធានីភ្នំពេញ៕

Share.