ភ្នំពេញ៖  លទ្ធផលនៃជំនួបប្រជុំស្វែងរកដំណោះស្រាយករណីតវ៉ារបស់អតិថិជនបុរីពិភពថ្មីសាខាកំបូល ៣ នៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ភាគីខាងក្រុមហ៊ុនបុរីពិភពថ្មីបានយល់ព្រមទទួលយកសំណើចំនួន ៣ ចំណុចរបស់អតិថិជនទៅពិចារណា ដែលចំណុចមួយក្នុងចំណោមចំណុចទាំងបី គឺបើកចំហរយៈ៩០ថ្ងៃទុកលទ្ធភាពឱ្យក្រុមហ៊ុនទទួលទិញផ្ទះពីអតិថិជនត្រឡប់ចូលវិញ។ នេះបើតាមលោក ហេង តារា អ្នកតំណាងអ្នកតវ៉ាបុរីពិភពថ្មីខាសាកំបូល៣ ដែលចូលរួមដោះស្រាយរយៈពេលជិត៣ម៉ោងនៅព្រឹកមិញនេះ។

លោក ហេង តារា ផ្តល់សម្ភាសន៍ដល់សារព័ត៌មានក្រោយចប់កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ។រូបភាព៖សុខា

លោកបន្ថែមថា សមាសភាពដោះស្រាយវិវាទនៅព្រឹកនេះរួមមានអភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ តំណាងភាគីក្រុមហ៊ុនបុរីពិភពថ្មី តំណាងក្រុមអ្នកតវ៉ាដែលជាអតិថិជនបុរីពិភពថ្មីកំបូល៣ ភាគីនិយ័តករអាជីវកម្មអចនលវត្ថុ និងបញ្ចាំ និងតំណាងអាជ្ញាធរមូលដ្ឋានមួយចំនួនផងដែរ។

លោក ហេង តារា បន្ថែមថា ខាងក្រុមហ៊ុនបុរីភពថ្មីសន្យាយកសំណើចំនួន ៣ ចំណុចទៅពិចារណាជាមួយប្រធានក្រុមហ៊ុន ខណៈពីរចំណុចផ្សេងទៀតក្រុមហ៊ុនមិនទទួលដោះស្រាយនោះទេ។

សំណើបីចំណុចដែលក្រុមហ៊ុនយកទៅពិចារណារួមមាន៖ ស្នើឱ្យក្រុមហ៊ុនបុរីពិភពថ្មីរក្សាគោលការណ៍ទិញផ្ទះរបស់អតិថជនចូលវិញ ៥០% នៃប្រាក់បង់ប្រចាំខែទាំងអស់ បូកនឹងប្រាក់សងបន្ថែមសម្រាប់អតិថជនដែលអស់លទ្ធភាពបង់រំលស់។ ចំណុចមួយទៀតក្រុមហ៊ុនត្រូវចេញលិខិតធានាទិញចូល ៥០% សម្រាប់អតិថជនកំពុងបង់រំលស់បន្ត និងប្រគល់ប្រាក់បង់ប្រចាំខែ៥០% បូកនឹងប្រាក់សងបន្ថែម សម្រាប់ផ្ទះបុរីដែលកំពុងរឹបអូសទៅអតិថជនវិញ។

សម្រាប់ចំណុចទាំងបីនេះ ក្រុមហ៊ុននឹងជូនដំណឹងត្រឡប់ទៅអតិថិជនយ៉ាងយូរបំផុតត្រឹមថ្ងៃសុក្រ ទី៣ ខែវិច្ឆិកាសប្តាហ៍នេះ ថាខ្លួនអាចជួយអតិថិជនបានកម្រិតណាមួយនោះ។

ដោយឡែកចំណុចចំនួនពីរដែលក្រុមហ៊ុនទាត់ចោលមិនទទួលដោះស្រាយរួមមាន ការស្នើសុំបុរីបន្ធូរបន្ថយប្រាក់បង់ប្រចាំខែមកត្រឹម៥០%រយៈពេល៨ឆ្នាំ។ ការស្នើសុំបុរីបញ្ចុះអត្រាការប្រាក់ ១២%ក្នុងមួយឆ្នាំមកត្រឹម ៧.៥%ក្នុងមួយឆ្នាំ។

សំណើរបស់អតិថិជនបុរីពិភពថ្មីកំបូល៣ ដែលទាមទារពីក្រុមហ៊ុន។រូបភាពពីតំណាងអ្នកតវ៉ា។

ដោយឡែកតំណាងនិយ័តករអាជីវកម្មអចនលវត្ថុ និងបញ្ចាំ ដែលជាភាគីចូលរួមសម្របសម្រួលស្នើឱ្យក្រុមហ៊ុនបុរីពិភពថ្មីទុករយៈពេលចំនួន ៩០ថ្ងៃ ដើម្បីទុកឱកាសឱ្យអតិថិជនមានលទ្ធភាពពិចារណាត្រូវលក់ផ្ទះជូនក្រុមហ៊ុនវិញ ឬក៏ត្រូវបង់រំលស់បន្ត។

តំណាងក្រុមអតិថិជនបុរីពិភពថ្មីដែលកំពុងផ្ទុះការតវ៉ាលោក ហេង តារា ដាក់ការសន្និដ្ឋានថា បើសិនជាបុរីពិតជាទទួលទិញផ្ទះរបស់អតិថិជនចូលវិញតាមការស្នើមែននោះ នោះប្រហែលជាមានអតិថិជនជាច្រើននឹងអាចលក់ផ្ទះជូនក្រុមហ៊ុនវិញ។ តាមការបញ្ជាក់ពីលោក ហេង តារា ដដែលមានខ្នងផ្ទះប្រមាណ១៥០០ល្វែងត្រូវបានអតិថិជនជាម្ចាស់ផ្ទះបានដាក់ពាក្យសុំលក់ជូនក្រុមហ៊ុនវិញ តែត្រូវក្រុមហ៊ុនប្រកាសផ្អាកមិនទទួលទិញ។

លោក ព្រំ ចិន្តា ជាអតិថិជនបុរីពិភពថ្មីសាខាកំបូល ៣ ដែលថ្ងៃនេះបានបន្តចេញតវ៉ាផងនោះ ប្រាប់សារព័ត៌មានត្រយងថា លោកនឹងសម្រេចលក់ភ្លាមករណីបើសិនជាខាងក្រុមហ៊ុនពិតជាទទួលទិញផ្ទះត្រឡប់វិញមែននោះ។ លោក ចិន្តា ដែលជាអ្នករត់តាក់ស៊ីបន្តថា បច្ចុប្បន្នលោករកចំណូលពុំសូវបានច្រើននោះទេ ពោលបន្ទាប់ពីវិប ត្តិសកលកូវីដ១៩ និងបញ្ហាវិបត្តិសេដ្ឋពិភពលោក ដូច្នេះចំណូលដែលរកបានតិចតួចទុកសម្រាប់ផ្គត់ផ្គង់អាហារហូបចុកប្រចាំថ្ងៃនិងចំណាយលើការសិក្សារបស់កូនៗតែប៉ុណ្ណោះ។

សកម្មភាពតវ៉ារបស់អតិថិជនបុរីពិភពថ្មីសាខាកំបូល៣ ចេញតវ៉ានៅមុនស្នាក់ការលក់របស់ក្រុមហ៊ុននៅព្រឹកថ្ងៃទី៣១ ខែតុលានេះ។រូបភាពពីតំណាងអ្នកតវ៉ា។

សារព័ត៌មានត្រយងបានព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពីតំណាងក្រុមហ៊ុនបុរីពិភពថ្មីសាខាកំបូល៣ តែក្រុមហ៊ុនមិនទទួលទូរស័ព្ទ។

សូមរំលឹកថា ក្រុមហ៊ុនបុរីពិភពថ្មីសាខាកំបូល ៣ បានផ្អាកការទិញចូលផ្ទះត្រឡប់ពីអតិថិជនរបស់ខ្លួនជិតមួយឆ្នាំហើយ ដោយបង្ហាញមូលហេតុជួបវិបត្តិជាប់គាំងការលក់អចលនាវត្ថុ។ បើតាមការអះអាងពីក្រុមអ្នកតវ៉ា ក្រុមហ៊ុនបានចាប់ផ្តើមរឹបអូសផ្ទះពីអតិថិជនដែលពុំមានលទ្ធភាពបង់រំលស់បន្ត។ ករណីនេះហើយធ្វើទើបនាំឱ្យអតិថិជនខឹងសម្បាជាមួយក្រុមហ៊ុនដោយចោទថា ក្រុមហ៊ុនបានបំពានលើកាតព្វកិច្ចនៃកិច្ចសន្យាជាមួយអតិថិជន៕

Share.