ក្រុម​កីឡាអេឡិចត្រូនិក កម្ពុជា Impunity KH នៅ​ព្រឹក​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បាន​ប្រកាស​រំសាយ​ក្រុមបច្ចុប្បន្ន ដោយ​ត្រូវការកែប្រែក្រុមទាំងស្រុងពីស្តង់ដារបច្ចុប្បន្ន និង​ក្រោម​ហេតុ​ផល​ខក​ចិត្តចំនួន ២ រដូវកាលក្នុងឆ្នាំ 2023 ហើយ​សមាជិក​ក្រុម​មួយ​ចំនួន​លា​ឈប់​ដើម្បី​បន្ដ​ការ​សិក្សា ក៏ដូច​ជា​ការ​ងារប្រចាំជីវិតរបស់ពួកគាត់ផងដែរ។

តាម​រយ:​សេចក្ដី​ប្រកាស​របស់​ក្រុម ​Impunity KH បាន​សរសេត​រៀបរាប់ថា៖ «ជូនចំពោះ IMPUNIA និង អ្នកទាំងអស់គ្នា Impunity KH សូមជំរាបជូនដំណឹងដ៏សោកសៅមួយទៅដល់អ្នកទាំងអស់គ្នាថា ក្រុមរបស់យើងនឹងមិនចូលរួមក្នុងការប្រកួត MPL Cambodia – Challenger Cup 2023 នៅ​ដើម​ឆ្នាំ​ក្រោយ ដើម្បីដណ្តើមយកកៅអីក្នុងព្រឹត្តការណ៍ MPL-KH រដូវកាលក្រោយនោះទេ»។

សេចក្ដីប្រកាសដដែលបាន​បន្តថា៖ «នេះជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ ប៉ុន្តែ​សេចក្តី​សម្រេច​មួយ​នេះ​បាន​មក​ពី​ការ​ត្រួតពិនិត្យ​ និង​ វិភាគ​យុទ្ធសាស្ត្រ​របស់​យើង​អំពី​ស្ថានភាព​បច្ចុប្បន្ន។ ដូចដែល​អ្នក​បាន​ដឹង​ហើយថា សមា​ជិកក្រុម​ដែល​ធ្លាប់​ជួយ​អោយ​ក្រុមទទួល​បាន​ជើងឯក​របស់​យើង​ម្នាក់ៗ​បាន​ចាក​ចេញ និង បានផ្លាស់ប្តូរពីការលេងកីឡាអេឡិចត្រូនិច ដើម្បី​ទៅបន្ត​ការអភិវឌ្ឍន៍​ផ្ទាល់​ខ្លួន​លើ​ការ​សិក្សា ក៏ដូចជាការងារប្រចាំជីវិតរបស់ពួកគាត់ផងដែរ។ បន្ទាប់ពីការខកចិត្តចំនួន ២ រដូវ​កាល​ក្នុងឆ្នាំ 2023 គណៈគ្រប់គ្រងរបស់ Impunity KH បាន​ទាញ​ការ​សន្និដ្ឋាន​ថាយើង​ត្រូវ​ការការ​កែប្រែ​ក្រុម​ទាំងស្រុង​ពីស្តង់ដារបច្ចុប្បន្ន»។

Impunity KH បន្ថែម​ថា៖ «ទន្ទឹមនឹងនេះ ដោយសារតែការផ្លាស់ប្តូរពេលវេលាចុងក្រោយនៃ MPL Cambodia – Challenger Cup យើង​ក៏មិនចង់ឱ្យសមាជិក​បច្ចុប្បន្ន​របស់​យើង​មួយ​ចំនួន​ប្រថុយ​នឹង​ការ​មិន​អាចលេង MPL រដូវកាលក្រោយ ប្រសិនបើយើងបរាជ័យក្នុងការទទួលបានកៅអី នៅក្នុង MPL KH បន្ទាប់ដែរ។ នេះជាមូលហេតុដែលយើងសម្រេចចិត្តថា យើង​នឹង​ធ្វើការ​រំសាយ​ក្រុម​បច្ចុប្បន្ន និង ជូន​ដំណឹងដល់​អ្នកគ្រប់​គ្នា​ដើម្បី​អោយ​កីឡាករ​បច្ចុប្បន្ន​ធ្វើការ​សម្រេច​ចិត្ត​ដ៏ល្អ​បំផុត​សម្រាប់ខ្លួនគេសម្រាប់រដូវកាលក្រោយ»។


ជាចុងក្រោយក្រុម Impunity KH បាន​បញ្ជាក់ថា៖ ទោះបីជាយ៉ាងណាក៏ដោយ យើង​ពិត​ជា​មាន​ការ​រំភើប​ចិត្ត​ជាខ្លាំង ដែលអតីតសមាជិកមួយចំនួនបានស្ម័គ្រចិត្តត្រលប់មកចូលរួមប្រកួត MPL Cambodia – Challenger Cup សម្រាប់ពួកយើងទាំងដែលពួកគាត់ចាកចេញទៅហើយ។ ពេល​វេលានឹងមិនបំផ្លាញ ឬបំភ្លេចចោលអ្នកទាំងអស់ ក្នុងនាមថាជា Legendary របស់ក្រុម ក៏ដូចជាសមិទ្ធិផលដែលយើងបានធ្វើរួមគ្នាក្រោមឈ្មោះ Impunity KH នោះទេ។

Impunity KH សូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រទាំងអស់ ជាពិសេស Impunia ដែលបានគាំទ្រក្រុមតាំងពីដើមមក ក៏ដូចជាម្ចាស់ឧបត្ថម្ភទាំងអស់ដែលយើងបានធ្វើការជាមួយ ជាពិសេសអ្នកឧបត្ថម្ភធំរយៈពេលវែងរបស់យើង និងចុងក្រោយបង្អស់គឺសមាជិកនៃ Impunity KH នាពេលបច្ចុប្បន្ន និង តាំងពីមុនដែលបានតស៊ូជាមួយគ្នាដោយបេះដូង និង ទឹកចិត្តរបស់អ្នក។

ពាក្យថាលា គឺជាស្ពានសម្រាប់ការជួបជុំវិញនៅពេលក្រោយ Until Next Chapter ……

Impunity KH ជាក្រុមកីឡាអេឡិចត្រូនិក អាជីព និង​ទទួល​បាន​គាំទ្រជា​ច្រើន ពី​អ្នក​ស្នេហា​ក្នុង​វិស័យ​កីឡាអេឡិចត្រូនិច្ចកម្ពុជា កន្លង​មក ក្រុម​នេះធ្លាប់​បាន​ចារ​ឈ្មោះ​ក្នុងការ​ប្រកួត​កីឡា​អេឡិចត្រូនិក ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​មាន​ដូចជា៖

ឆ្នាំ២០១៩៖ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុង​វគ្គជម្រុះCambodia Qualifier ចូលរួម M1 World Championship ទទួលបានចំណាត់ថ្នាក់លេខ១៣
ឆ្នាំ២០២០៖ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ Metfone All-Stars Arena
ឆ្នាំ២០២១៖
– ទទួលបានចំណាត់ថ្នាក់លេខ១២ ក្នុងពានរង្វាន់ M2 World Championship
– ទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងពានរង្វាន់ MLBB Southeast Asia Cup 2021
– ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ MPL Cambodia Season 1
– ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពានរង្វាន់ Top Clans 2021 Winter Invitational
ឆ្នាំ២០២២៖
– ទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពានរង្វាន់ MPL Cambodia Spring 2022
– ទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងពានរង្វាន់MPL Cambodia Spring 2022
– ទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ Smart Kingdom Of Legends SEA Rivals
ឆ្នាំ២០២៣៖ ទួលបានចំណាត់ថ្នាក់លេខ៨ ក្នុងពានរង្វាន់ MPL Cambodia Autumn 2023៕

Share.