កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានឃាត់ខ្លួនបុរសដែលវាយសម្លា.ប់កូនសត្វឈ្លូសមួយក្បាលនៅឆ្នេរសមុទ្រ ខេត្តកោះកុងហើយ ខណៈជនសង្ស័យបានចូលសារភាព ក្រោយពីមានអ្នកផ្តល់ព័ត៌មានឱ្យអាជ្ញាធរសមត្ថកិច្ច រហូតឈានទៅកំណត់អត្តសញ្ញាណរបស់ជនដៃដល់នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

តាមអភិបាលរងខេត្តកោះកុង ដែលជាដឹកនាំការស្រាវជ្រាវនេះ បានប្រាប់ឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកោះកុង នាល្ងាចថ្ងៃទី១ ខែវិច្ឆិកានេះ ក្រោយពីលោកជំទាវ អភិបាលខេត្ត ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ៤លានរៀល ដល់អ្នកដែលបានផ្តល់ដំណឹង ឈានទៅរកឃើញជន ដៃដល់ ដែលវាយសម្លា.ប់កូនឈ្លូសរួចមក ក៏មានអ្នកឃើញហេតុការណ៍នោះ ហើយបានផ្តល់ដំណឹងដល់សមត្ថកិច្ច និងបានទៅណែនាំឱ្យជនដៃដល់ ចូលសារភាពពីកំហុសរបស់ខ្លួន។ រួចអ្នកវាយសម្លាប់សត្វឈ្លូសនោះ ក៏បានមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតែម្តងទៅ។

លោកបន្ថែមទៀតថា ជនសង្ស័យមានឈ្មោះ តាន់ អ៊ូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតនៅឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរជាសន្តិសុខក្រុមហ៊ុនមួយ នៅជិតកន្លែងកើតហេតុ ។ ដោយមានការឯកភាពពីព្រះរាជអាជ្ញា អាជ្ញាធរសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យនេះជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវ រកអ្នកពាក់ព័ន្ធបន្ថែម ។ ចំពោះវិធានការបែបណាលើជននេះគឺរង់ចាំមន្ត្រីជំនាញធ្វើការសិន ។

សូមជំរាបផងដែរថា ការប្រកាសតាមស្វែងរកឃាត់ខ្លួនជនបង្កនេះធ្វើឡើង ក្រោយឃើញមានការបង្ហោះចែកចាយនូវវីដេអូមួយបង្ហាញពីសកម្មភាពបុរសពីរនាក់ បានយកដំបងវាយសំពងទៅលើកូនឈ្លូសមួយក្បាល ដែលខំហែលទឹកឆ្លងសមុទ្រមករកទីទួល បណ្តាលឱ្យស្លាប់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយមានមហាជនជាច្រើធ្វើការចែករំលែកតតគ្នា នឹងរិះគន់ពីទង្វើអសីលធម៌របស់ជនសង្ស័យទាំងនោះ។

បន្ទាប់ពីបានឃើញសកម្មភាពបែបនេះហើយនៅថ្ងៃទី៣០ ខែតុលា លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ ចាត់តាំងលោក ទួន ឪទី អភិបាលរងស្រុក ដឹកនាំកម្លាំងសហការជាមួយឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ចុះធ្វើការស្រាវជ្រាវរកជនសង្ស័យ ដែលបានវាយសម្លាប់សត្វឈ្លូសនៅចំណុចឆ្នេរកុកហាវនោះ។ ក៏ដូចជាប្រកាសឱ្យបងប្អូនសាធារណជនណា បានស្គាល់ ឬបានដឹង សូមរាយការណ៍មកអាជ្ញាធរខេត្ត ឬអាជ្ញាធរមូលដ្ឋានដែលនៅកៀកជិតបំផុត។

ជាមួយគ្នានោះដែរ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានស្នើដល់សាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍ ឃើញបុរសម្នាក់ធ្វើសកម្មភាពយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសកំពុងហែលទឹកទៅរកដីគោកនៅឆ្នេរសមុទ្រ កុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ខេត្តកោះកុង ចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។​

លោកជំទាវសង្កត់ធ្ងន់ថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូស ដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យបាត់បង់ជីវិតនៅហ្នឹងកន្លែង។ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន៤លានរៀល ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ»។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានធានាអះអាងចំពោះអ្នកដែលបានផ្តល់ព័ត៌មានអំពីអត្តសញ្ញាណជនសង្ស័យនោះ នឹងត្រូវបានរក្សាទុកជាការសម្ងាត់ជូន៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.