ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ នេះ បានចាប់ផ្តើមបញ្ចេញទឹកកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ជាលើកទី៣ ថ្វីត្បិតប្រទេសចិន និងរុស្ស៊ី ហាមឃាត់ការនាំចូលអាហារសមុទ្រពីប្រទេសនេះជាការឆ្លើយតបក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ភ្នាក់ងារថាមពលអគ្គិសនីទីក្រុងតូក្យូ (TEPCO) បាននិយាយថា ខ្លួនបានចាប់ផ្តើមបញ្ចេញទឹកចំនួន ៧,៨០០តោន ដែលត្រូវបានប្រើដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ ហើយបានរលាយបន្ទាប់ពីរលកយក្សស៊ូណាមិ សម្លាប់មនុស្សកាលពីឆ្នាំ២០១១។ អ្នកនាំពាក្យរបស់ TEPCO បានប្រាប់ AFP ថា «ការបញ្ចេញនាពេលនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងបញ្ចប់ក្នុងរយៈពេលប្រហែល ១៧ថ្ងៃ»។

យ៉ាងណាម៉ិញ ប្រទេសជប៉ុន​អះអាង​ថា ទឹក​ដែល​ត្រូវ​បាន​បញ្ចេញ ​គឺ​គ្មាន​គ្រោះថ្នាក់ និង​មានបញ្ហា​ជាមួយ​ទឹក​សមុទ្រទេ ទឹកនេះក៏ត្រូវបានបញ្ចេញជាធម្មតា ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ជុំវិញបញ្ហានេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងប្រទេសសេដ្ឋកិច្ចឈានមុខជាច្រើន បានគាំទ្រចំពោះចំណាត់ការរបស់ប្រទេសជប៉ុន។ ប៉ុន្តែ​ប្រទេសចិន និង​រុស្ស៊ី បាន​រិះគន់​ការ​បញ្ចេញទឹកកាកសំណល់ និង​ហាមឃាត់​ការ​នាំចូល​អាហារ​សមុទ្រ​ជប៉ុន​ទាំងអស់ ដោយ​និយាយថា ជប៉ុន​កំពុង​បំពុលបរិស្ថាន។

អ្នកជំនាញមកពី IAEA និងទីភ្នាក់ងារផ្សេងទៀត រួមទាំងអ្នកមកពីប្រទេសចិន បានធ្វើការស្ទង់មតិពីផលប៉ះពាល់បរិស្ថាននៃការបញ្ចេញទឹកកាកសំណល់នេះ រួមទាំងដោយការយកគំរូទឹក និងត្រីផងដែរ។

សូមជម្រាបថា ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកកខ្វក់ពីរោងចក្រថាមពលនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រកាលពីខែសីហា ដោយទទួលបានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន និងរុស្ស៊ី ក៏ដូចជា​បាន​ដាក់​បម្រាម​លើ​ការ​នាំ​ចូល​អាហារសមុទ្រ ឬជលផល​ទាំងអស់​ពី​ប្រទេស​ជប៉ុន ដើម្បីជាការសងសឹក។ យ៉ាងណាម៉ិញប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ហើយកំពុងស្វែងរកការបង្កើនចំណែកទីផ្សាររបស់ខ្លួន៕

ប្រភព៖ CNA

Share.