អ្នកប្រដាល់សញ្ជាតិមីយ៉ាន់ម៉ា Dave Leduc បានធ្វើដំណើរដល់អាកាសយាន្តដ្ឋានអន្តរជាតិរាជធានីភ្នំពេញ ហើយនៅ​រាត្រីថ្ងៃ​ពុធ ទី១​ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ ដើម្បីត្រៀមប៉ះ ជាងកាត់សកដៃឯក ព្រំ សំណាង លើ​សង្វៀន​គុនខ្មែរ នៅ​ចុង​សប្ដាហ៍​នេះ​ លើសង្វៀន​ប្រដាល់​​ទូរទស្សន៍​ថោន។

ក្រោយចុះពីយន្តហោះ អ្នកប្រដាល់មីយ៉ាន់ម៉ា ម្នាក់នេះ បានព្យាយាមស្រែកហៅ «ព្រំ សំណាង នៅ​ឯណា?» នៅ​ពី​មុខ​អ្នកសារព័ត៌មាន​និង​អ្នក​គាំទ្រ ជា​ច្រើននាក់។ យ៉ាងណាក្តី​អ្នក​ទាំង២ នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​ថ្ងៃ​​សៅរ៍ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ស្រប​ពេល​ដែល​​មាន​ការ​ឌឺដង​ឆ្លើយឆ្លងគ្នា​ជា​ច្រើនលើកច្រើនសារ។

សម្រាប់ជើង​ខ្លាំង Dave Leduc ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា «​ស្តេច​ប្រដាល់​» ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា គឺ​ជា​សមាជិក​ក្លិប The King of Lethwei របស់​ប្រទេស​សមាជិក​តំបន់​អាស៊ាន​មួយ​នេះ​ នឹងត្រៀមជួបសំដែងការគួរសម ជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មុនប៉ះ ព្រំ សំណាង។

មុនមក​ដល់​ទឹកដី​របស់​កម្ពុជា កីឡាករ Dave Leducបាន​បញ្ចេញ​សំណេរ​ជា​ភាសា​ខ្មែរ ​នៅ​លើកទំព័រហ្វេសបុក​របស់​ខ្លួន​កាល​ពី​ថ្ងៃទី១ វិច្ឆិកា កន្លងទៅថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ និងរំភើបជាខ្លាំងចំពោះជំនួបរបស់ខ្ញុំនៅថ្ងៃស្អែកជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណ ព្រំ សំណាង និងខ្ញុំសន្យាថានឹងបង្ហាញផ្ទាំងទស្សសនីយភាពដ៏អស្ចារ្យដល់ពិភពលោក»។

សូមបញ្ជាក់ថា ព្រំ សំណាង នឹងត្រៀមប៉ះអ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc លក្ខណៈគុនខ្មែរ ដោយប្រកួតរុំអំបោះឆៅវាយតែ ១ទឹក ដោយ​ប្រើពេល​រហូត​​ដល់ ៩នាទី នៅសង្វៀនថោន។

សម្រាប់​អ្នកប្រដាល់ Dave Leduc​មាន​វ័យ ៣១ឆ្នាំ មាន​ទម្ងន់ ៧៥គីឡូក្រាម មាន​កម្ពស់ ១,៨៨ម៉ែត្រ រូបគេ​ចាប់​ផ្ដើម​ប្រឡូក​ចូល​អាជីព​ជា​អ្នក​ប្រដាល់​នៅ​ឆ្នាំ២០១៣។ ចំណែក ឯអ្នកលេងជង្គុងពិឃាត ព្រំ សំណាង មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ វ័យ​៣៧ឆ្នាំ មានកម្ពស់ ១.៨៤ម៉ែត្រ ទម្ងន់៧៨គីឡូ ធ្លាប់ប្រកួតចំនួន ១៥៩ដង ឈ្នះ១៤៤លើក វាយគូប្រកួតសន្លប់៧០ដង ចាញ់តែ១២លើកប៉ុណ្ណោះ និងស្មើ៣លើក។

Share.