ស្វាយរៀង ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ចំណែកប្តីរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿន ជ្រុលទៅបុកសត្វគោ រត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវក្រាលកៅស៊ូ ស្ថិតនៅ ភូមិទូលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ជនរងគ្រោះទាំង២នាក់ ប្តីមានឈ្មោះ ស សាក់ពី អាយុ៤៥ឆ្នាំ មុខរបរកសិករ រងរបួសស្រាល ចំណែកប្រពន្ធឈ្មោះ នង បូនី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ ។ ទាំង២នាក់ រស់នៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១២ ពណ៌ខ្មៅ 1BG-9315 ឌុបគ្នាពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ គេចមិនទាន់ជ្រុលបុកសត្វគោ រត់ឆ្លងផ្លូវ បណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ចំណែកម៉ូតូនិងគោ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ បន្តស្រាវជ្រាវស្វែងរកម្ចាស់គោមកដោះស្រាយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.