ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីម ជិះដោយស្ត្រីម្នាក់ ល្បឿនលឿនប្រញាប់វិលទៅផ្ទះ គេចពីជង្ហុកទឹក ជ្រុលទៅបុកជាមួយម៉ូតូកង់បីបើកច្រាសទិស បណ្តាលឱ្យរងរបួសបាក់ជើងទាំង២ បាក់ដៃ ម៉ូតូកង់បីបើករត់គេចទៅបាត់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវ៤២ កែងផ្លូវ៦០ម៉ែត្រ ខាងកើតជាប់ភ្លើងស្តុប ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមាន ឈ្មោះ ប៉ែន សុីវន អាយុ៥៣ឆ្នាំ មុខរបរ ជាប្រធានសន្តិសុខ ក្រុមហ៊ុនហ្គារ៉ូដា មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពែញ។ ជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-0281 ជាមធ្យោបាយ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ល្បឿនលឿន ប្រញាប់វិលទៅផ្ទះ ដោយជិះពីលិចទៅកើត ដល់ចំណុចកើតហេតុ គេចពីជង្ហុកទឹកដក់ ជ្រុលទៅបុកជាមួយម៉ូតូកង់បីបើកច្រាសទិសគ្នា បណ្តាលឱ្យដួលរងរបួសធ្ងន់ បាក់ជើងទាំង២ និងបាក់ដៃឆ្វេង ចំណែកម៉ូតូកង់បី បានបើករត់គេចបាត់ស្រមោល។

ជនរងគ្រោះក្នុងស្ថានភាពរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក បានដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន៕

អត្ថបទ៖ តាតុងសែនជ័យ

Share.