ភ្នំពេញ ៖ ឧកញ៉ា ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុនពិភពដីមាស និងគូកន៥នាក់ ត្រូវសភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេចចេញដីកាដោះលែងកាលពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៣ ម្សិលមិញ តែទើបអនុញ្ញាតឱ្យចេញនៅថ្ងៃទី០២ ខែវិច្ឆិកានេះ។ នេះបើយោងតាមប្រភពព័ត៌មានពីពន្ធនាគាររាជធានីភ្នំពេញ PJ ។

កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣  លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងគូកន៥ នាក់ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ។

ការឈានដល់ការឃុំខ្លួនឧញ៉ា និងគូកននេះ បន្ទាប់ពីក្រុមសន្តិសុខ និងបុគ្គលិកក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក បានរារាំងប្រឆាំង និងកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តដីកា ដោយគ្រានោះមានការប្រើអំពើហិង្សាវាយដំមកលើសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ច៤ នាក់រងរបួស។ ហេតុការណ៍ប្រទូស​សារ៉ាយគ្នានោះកើតឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំស២០២៣ វេលាម៉ោង៣ រសៀល ត្រង់មុខស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

 តែយ៉ាងណា សមត្ថកិច្ចបាននាំខ្លួនឧញ៉ា ហ៊ី គឹមហុង និងក្រុមសន្តិសុខ បុគ្គលិករបស់ក្រុមហ៊ុនសរុបចំនួន១៤ នាក់ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវីធី និងកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។ តែសន្តិសុខ ៨ នាក់ត្រូវបានតំណាងអយ្យការបានសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញ ដោយសំអាងហេតុមិនពាក់ពន្ធបទល្មើស។

ការឃាត់ខ្លួនឧញ៉ារូបនេះ ព្រោះមានជាប់ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋរាប់រយគ្រួសារនៅខេត្តកំពត គិតជា​ទឹក​ប្រាក់​​រាប់លាន​ដុល្លារ​ក្នុងគម្រោងអចនទ្រព្យ។ ​សូមរំលឹកថា ​ឧកញ៉ារូបនេះធ្លាប់​ព្រមាន​រករឿង​ស្នងការ​នគរបាល​ខេត្តកំពតផងដែរ ​ករ​ណី​កោះ​ហៅ​លោកឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​៕

អត្ថបទ៖ ចតុមុខ

Share.