សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ វិច្ឆិកា ២០២៣ មានប្រសាសន៍ថា គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងផ្តោតសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ដែលត្រូវនឹងជំនាញ ដើម្បីធានាដល់ការងារ និងការលើកស្ទួយជីវភាព ឱ្យមានភាពម្ចាស់លើជោគវាសនាខ្លួនឯងផង និងព្រមទាំងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារផងដែរ ។ជាមួយគ្នានេះ ក្រុមហ៊ុន ក៏អាចទទួលបាននូវបុគ្គលិកប្រកបដោយសមត្ថភាពពិតប្រាកដ ហើយអាចបំពេញការងារស្របតាមជំនាញ និងតម្រូវការ ។

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់អាណត្តិនេះ  គឺជាគោលការណ៍ផ្តោតលើយុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយត្រូវ៖

ទី១. ការរៀបចំការចុះឈ្មោះ ដែលត្រូវធ្វើឱ្យងាយស្រួលទាំងផ្ទាល់ និងអនឡាញ,

ទី២. ការចូលរៀនមិនបង់ប្រាក់ ហើយអ្នកមានប័ណ្ណក្រីក្រ នឹងមានប្រាក់ឧបត្ថម្ភប្រចាំខែ,

ទី៣. ការរៀបចំកម្មវិធីសិក្សា ត្រូវមានភាពបត់បែន ទៅតាមលទ្ធភាពអ្នករៀន និងអ្នកធ្វើការ និង

ទី៤. ការបណ្តុះបណ្តាលចំពោះមុខ គឺផ្តោតលើ ១០ វិស័យ និង ៣៨ មុខជំនាញ ។

ក្នុងនោះសម្តេចបានជំរុញឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបានលើការបណ្តុះបណ្តាល៖

ទី១. ខ្លឹមសារនៃការបណ្តុះបណ្តាលឱ្យចំតម្រូវការមូលដ្ឋាន,

ទី២. ទ្រឹស្តីត្រូវបូកជាមួយនឹងការអនុវត្ត ដោយយកការអនុវត្តឱ្យច្រើន,

ទី៣. ជំរុញសិក្ខាកាមឱ្យទទួលបានការហាត់ការឱ្យបានច្រើន,

ទី៤. ជួយផ្តល់នូវការលើកទឹកចិត្ត និងការបង្កលក្ខណៈផ្សេងៗ,

ទី៥. រៀបចំវគ្គបណ្តុះបណ្តាលដែលមានភាពបត់បែន និងសមស្របទៅនឹងពេលវេលាធ្វើការស្នូលរបស់សិក្ខាកាម និង

ទី៦. ត្រូវជំរុញការអនុវត្តការបណ្តុះបណ្តាលកូនជាងឱ្យសមស្របទៅតាមវិជ្ជាជីវៈ។

សម្តេ​ចបានអំពាវនាវឲ្យបងប្អូនទាំងអស់ចាប់យកឱកាសនេះ ដើម្បីជួយដល់ខ្លួនឯង អភិវឌ្ឍខ្លួន និងខិតខំដើម្បីការរីកចម្រើនទៅមុខ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ៕

Share.