ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយក្មេងប្រុសម្នាក់ ប្រញាប់ទៅហូបបាយ លឿនជ្រុលទៅកៀរជាមួយម៉ូតូកង់បី ផ្លោងខ្ទាតដួលរងរបួស កំពប់សម្លអស់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ និង១០ នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងមុខវត្តជន្លង់ម្លូ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះឈ្មោះ រ៉ូ បាន អាយុ១៤ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហឹតុ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GU-7828 ជាមធ្យោបាយ។ ចំណែម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 1E-0471 បើកបរដោយឈ្មោះ វុទ្ធ សារ៉ាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត ស្រុកឆ្លូង ខេត្តក្រចេះ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ក្មេងប្រុសរងគ្រោះ ជិះម៉ូតូវិលត្រឡប់មកពីទិញម្ហូប ជិះឆ្ពោះទៅផ្ទះ ប្រញាប់ហូបបាយ លឿនជ្រុលពីលិចទៅកើត ដល់ចំណុចកើតហេតុ កៀរគ្នាជាមួយម៉ូតូកង់បីកំពុងបត់ឆ្វេង បណ្តាលឱ្យផ្លោងខ្ទាតដួលរងរបួសបែកមុខ កំពប់សម្ល ខត្រពាំងជើងជ្រូកអស់។

ក្មេងរងគ្រោះក្រោយកើតហេតុ អង្គុយយំ ដោយសាររបួស ម្យ៉ាងកំពប់សម្លផង ត្រូវបានឪពុកម្តាយដឹកតាមម៉ូតូកង់បីយកទៅពេទ្យក្នុងភូមិ ហើយភាគីសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូកង់បីជួយចេញថ្លៃព្យាបាលរបួសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖ តាតុងសែនជ័យ

https://troryorng.com
Share.