ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានអំពាវនាវឱ្យ «ផ្អាក» ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសុន្ទរកថាយុទ្ធនាការមួយនៅទីក្រុង Minneapolis។ នេះបើយោងតាមការចញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃព្រហស្បតិ៍ ទី២ ខែ​វិច្ឆិកា ឆ្នាំ២០២៣។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បៃដិន និយាយទៅកាន់ក្រុមមនុស្សប្រហែល ២០០នាក់ នៅក្នុងទីក្រុង Minneapolis នៅពេលដែលស្ត្រីម្នាក់ បានស្រែកសុំឱ្យលោក អំពាវនាវឱ្យមានបទឈប់បាញ់។

លោក បៃដិន បាននិយាយថា «ខ្ញុំគិតថា យើងត្រូវការបទឈប់បាញ់។ ការ​ផ្អាក​នេះនឹង​ផ្តល់​ពេល​វេលា​ ដើម្បីរំដោះអ្នក​ទោស​ចេញ»។

ទាក់ទិននឹងបញ្ហានេះ មន្ត្រីសេតវិមាន បានពន្យល់ថា លោក បៃដិន និយាយបែបនេះសំដៅទៅលើជំនួយមនុស្សធម៌ និងចំណាប់ខ្មាំងចំនួន២៤០នាក់ ដែលត្រូវបានក្រុមហាម៉ាស់ចាប់ឃុំខ្លួន។

ដំបូងឡើយ លោក Biden បានដាក់ការគាំទ្រពីក្រោយប្រទេសអ៊ីស្រាអែល ប៉ុន្តែជំហររបស់លោក ហាក់ដូចជាបានផ្លាស់ប្តូរចំពេលមានវិបត្តិមនុស្សធម៌ និងចំនួនជនស៊ីវិលដែលបាត់បង់ជីវិតកើនឡើងខ្ពស់នៅក្នុងតំបន់ហ្គាហ្សា។

យ៉ាងណាក៏ដោយការអំពាវនាវរបស់លោកឱ្យមានបទឈប់បាញ បង្ហាញពីការផ្លាស់ប្តូរជំហរពីមន្ត្រីសេតវិមាន ដែលបានរក្សាជាយូរមកហើយថា ពួកគេនឹងមិនចូលរួមក្នុងរបៀបដែលអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ អនុវត្តប្រតិបត្តិការយោធារបស់ខ្លួនលើទឹកដីនៃប្រទេសប៉ាឡេស្ទីនទេ។

សូមជម្រាបថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតំបន់ហ្គាហ្សាស្រ្ទីបបានបន្ត អស់​រយៈពេលច្រើនសប្តាហ៍ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គ្រាប់បែករាប់សិបគ្រាប់ ត្រូវបានគេឮ និងឃើញធ្លាក់នៅក្នុងទីក្រុង ហ្គាហ្សា៕

ប្រភព៖ BBC

Share.