កណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋនទុកក្នុងផ្ទះ ខណៈម្ចាស់ម៉ូតូចេញទៅទិញម្ហូបមិនបានចាក់សោរ។ ហេតុការណ៍នេះកើតឡើងកាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទីស្ថិតនៅចំណុច ផ្ទះរបស់ជនរងគ្រោះ ស្ថិតភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ។រូបភាពពីភ្នាក់ងារត្រយង។

ជនរងគ្រោះឈ្មោះ ចាន់ ទូច ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ ទិត្យ ម៉េងហុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានវត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង(របស់ជនរងគ្រោះ)​ ម៉ាក Honda Dream C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ ។

ម៉ូតូជនរងគ្រោះ។រូបភាពពីភ្នាក់ងារត្រយង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទី ជនរងគ្រោះបានទុកម៉ូតូនៅក្នុងផ្ទះមិនបានចាក់សោរម៉ូតូ រួចហើយបានដើរទៅយកម្ហូបនៅវត្តត្រពាំងឈូក រួចក៏បានត្រឡប់មកផ្ទះវិញមិនឃើញម៉ូតូ ក៏បានស្រែកឆោឡោ។ គ្រានោះ អ្នកជិតខាងប្រាប់ថាបានឃើញជនសង្ស័យចំនួនពីរនាក់ ចូលលួចយកម៉ូតូទៅបាត់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយឲ្យជួយអន្តរាគមន៍ និងបានឆែកកាមេរ៉ាសុវត្ថិភាពតាមផ្លូវ ក៏ពិនិត្យឃើញជនសង្ស័យម្នាក់លួចយកម៉ូតូរបស់ខ្លួន។ លុះដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥:៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួនបាន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អត្ថបទ៖កណ្តាល

Share.