សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យកី​ឡាករ ដាវ លឺដុឌ (Dave Leduc) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ព្រម​ទាំង​កីឡា​ករ ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ និងបានរំឭកអំពីសារឆ្លើយឆ្លងរបស់កីឡាករ ដាវ លឺ​ដុឌ ពាក់ព័ន្ធនឹងបំណងក្នុងការចូលជួបជាមួយសម្តេច ហើយដែលពេលនេះ គឺបាន​សម្រេច​ដូច​បំណង​ប្រាថ្នាហើយ ។

សម្តេចធិបតី ក៏សម្តែងនូវការអរគុណចំពោះកីឡាករ ដាវ លឺដុឌ ដែលបាន​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិ​ក្បាច់​គុណបុរាណខ្មែរ និងបានលើកឡើងបន្ថែមថា ពិតមែន​តែ​ប្រទេសនីមួយៗ​មាន​វប្បធម៌​ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែព្រឹត្តិការណ៍ប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកនេះ គឺជាការ​បង្ហាញ​នូវ​ការ​គោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើ​ផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែក​មួយ​នៃការ​លើក​កម្ពស់​ការយល់ដឹងអំពីគុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និងការ​ផ្សព្វ​ផ្សាយ​អំពី​គុនខ្មែរ​ឱ្យ​ពិភព​លោក​បានស្គាល់ ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និង​លើក​កម្ពស់​វិស័យកីឡា ជាពិសេស សម្តេចតេជោ លោក​តែងបាន​យក​ចិត្តទុក​ដាក់​លើការ​អភិរក្ស​ក្បាច់​គុនខ្មែរជាយូរមកហើយ ។ ចំពោះ សម្តេចធិបតី ផ្ទាល់ លោក​ក៏ជា​អ្នកផ្តួច​ផ្តើម​រៀប​ចំឱ្យមាន​ការ​សំយោគ​ក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និង​សិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិ ដែល​ជា​កេរ​ដំណែល​របស់​បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ។

ជាការឆ្លើយតប កីឡាករ ដាវ លឺដុឌ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ផ្តល់​កិត្តិ​យស​ឱ្យមានជំនួបសម្តែងការគួរសម នាឱកាសនេះ និង​បាន​បង្ហាញ​នូវ​ការភ្ញាក់​ផ្អើល​ប្រកប​ដោយ​មោទកភាព ចំពោះការរាក់ទាក់ទទួលស្វាគមន៍វត្តមានរបស់លោក ពីសំណាក់ប្រជាជនកម្ពុជា ហើយលោកបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់លោក ។

បន្ថែមលើនេះ កីឡាករ ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្តមក​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​លើកនេះ គឺ​មិន​មាន​បំណង​អ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ហើយ​ដែលនេះ គឺជា​ព្រឹត្តិការណ៍​ដ៏ធំ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល​ប្រជាជន​កម្ពុជា និង​ប្រជាជនភូមា រួមទាំង​ប្រជាជន​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើពិភព​លោក​កំពុង​រង់​ចាំទស្សនា។

សូមបញ្ជាក់ថា ព្រំ សំណាង នឹងត្រៀមប៉ះអ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc លក្ខណៈគុនខ្មែរ ដោយប្រកួតរុំអំបោះឆៅវាយតែ ១ទឹក ដោយ​ប្រើពេល​រហូត​​ដល់ ៩នាទី នៅសង្វៀនថោន។

​អ្នកប្រដាល់ Dave Leduc​មាន​វ័យ ៣១ឆ្នាំ មាន​ទម្ងន់ ៧៥គីឡូក្រាម មាន​កម្ពស់ ១,៨៨ម៉ែត្រ រូបគេ​ចាប់​ផ្ដើម​ប្រឡូក​ចូល​អាជីព​ជា​អ្នក​ប្រដាល់​នៅ​ឆ្នាំ២០១៣។ ចំណែក ឯអ្នកលេងជង្គុងពិឃាត ព្រំ សំណាង មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ វ័យ​៣៧ឆ្នាំ មានកម្ពស់ ១.៨៤ម៉ែត្រ ទម្ងន់៧៨គីឡូ ធ្លាប់ប្រកួតចំនួន ១៥៩ដង ឈ្នះ១៤៤លើក វាយគូប្រកួតសន្លប់៧០ដង ចាញ់តែ១២លើកប៉ុណ្ណោះ និងស្មើ៣លើក៕

ប្រភព៖ AKP

Share.