យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍ នេះថា កងទ័ពរបស់ខ្លួនបានឡោមព័ទ្ធទីក្រុង ហ្គាហ្សា ក្នុងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ទាំងស្រុង ខណៈពួកគេកំពុងបង្កើនការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ដើម្បីជាការឆ្លើយតប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប៉ុន្ដែបន្ទាប់ពីការអះអាងរបស់អ៉ីស្រាអែល កងពលតូច Ezzedine Al-Qassam របស់ក្រុមហាម៉ាស់ បានព្រមានអ៊ីស្រាអែលថា «ទាហានដែលឈ្លានពាន​ខ្លួននឹងត្រឡប់ទៅផ្ទះវិញ ដោយត្រូវដាក់ក្នុងថង់ខ្មៅសម្រាប់ដាក់សព»។

អ្នកនាំពាក្យក្រុម Al-Qassam លោក Abu Obeida បាននិយាយថា «តំបន់ហ្គាហ្សា នឹងក្លាយជាបណ្តាសានៃប្រវត្តិសាស្ត្រសម្រាប់អ៊ីស្រាអែល»។

ការព្រមានរបស់ក្រុមហាម៉ាស់ បានកើតឡើងបន្ទាប់ពីអ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari បាននិយាយថា «ទាហានអ៉ីស្រាអែល បានឡោមព័ទ្ធទីក្រុងហ្គាហ្សា ទាំងស្រុង បន្ទាប់ពីប៉ុន្មានថ្ងៃនៃការពង្រីកប្រតិបត្តិការតាមផ្លូវគោក»។ លោក​បាន​បន្ថែម​ថា​៖ «​គោល​គំនិត​នៃ​បទ​ឈប់​បាញ់​បច្ចុប្បន្ន ​មិន​មាន​នៅ​លើ​តុ​ចរចានោះទេ»។

ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃជម្លោះរីករាលដាល យុទ្ធជនអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ បានផ្ទុះការបាញ់ប្រហារគ្នា បន្ទាប់ពីគ្រាប់រ៉ុក្កែត១គ្រាប់ បានវាយប្រហារទៅលើទីក្រុងភាគខាងជើងប្រទេសអ៊ីស្រាអែល។

ទាក់ទិននឹងបញ្ហានេះ សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កំពុងអំពាវនាវឱ្យមានការផ្អាកប្រយុទ្ធគ្នា ដើម្បីបុព្វហេតុមនុស្សធម៌នៅក្នុងជម្លោះដែលនឹងពាក់ព័ន្ធនឹងការបញ្ឈប់អរិភាព «បណ្តោះអាសន្ន និងក្នុងស្រុក»។

ដោយចាកចេញពីដំណើរទេសចរណ៍មជ្ឈិមបូព៌ាថ្មី រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បាននិយាយថា «យើងប្តេជ្ញាចិត្តដើម្បីទប់ស្កាត់ការកើនឡើងណាមួយនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់»។ លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងនឹងនិយាយអំពីការអនុវត្តជាក់ស្តែងដែលអាច និងគួរត្រូវបានចាត់វិធានការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់បុរស ស្ត្រី និងកុមារនៅក្នុងតំបន់ហ្គាហ្សា»៕

ប្រភព៖ CNA

Share.