សភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តជំនួយយោធាចំនួន ១៤.៥ពាន់លានដុល្លារ សម្រាប់អ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ុន្តែប្រធានាធិបតី Joe Biden បានគំរាមវេតូវិធានការនេះដោយសារតែលក្ខខណ្ឌដែលភ្ជាប់មកជាមួយ និងការបរាជ័យក្នុងការដោះស្រាយសំណើរដ្ឋបាលផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃសុក្រ​ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានសភាតំណាងរាស្រ្តថ្មី លោក Mike Johnson មកពីគណបក្សសាធារណៈរដ្ឋ បានយកវិធីសាស្រ្តមិនធម្មតាមួយចំពោះកញ្ចប់ជំនួយ ដែលនឹងជួយដោះស្រាយបាននូវតម្រូវការរបស់អ៉ីស្រាអែលក្នុងការការពារខ្លួន ស្វែងរកការដោះលែងចំណាប់ខ្មាំង និងកម្ទេចក្រុមហាម៉ាស ខណៈយើងក៏ធ្វើការដើម្បីធានាថា មានការចំណាយប្រកបដោយការទទួលខុសត្រូវ និងកាត់បន្ថយទំហំចំណាយរបស់ រដ្ឋាភិបាលសហព័ន្ធ។

លោក បៃដិន បាននិយាយថា លោកនឹងវេតូសេចក្តីព្រាងច្បាប់ស្ដីពីកញ្ចប់ជំនួយខាងលើដែល ត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ក្នុងសំឡេងគាំទ្រ ២២៦ ទល់នឹង ១៩៦សំឡេងជំទាស់ ខណៈសមាជិករបស់បក្សប្រជាធិបតេយ្យចំនួន ១២នាក់ បានចូលរួមជាមួយបក្សសាធារណរដ្ឋ បោះឆ្នោតគាំទ្រ ហើយអ្នកប្រជាធិបតេយ្យបាននិយាយថា ច្បាប់នេះមិនមានឱកាសនៅក្នុងព្រឹទ្ធសភាទេ។

យ៉ាងណាម៉ិញ សេតវិមានបាននិយាយថា វិធីសាស្រ្តរបស់លោក Johnson នឹងកា្លយជាគំរូដ៏ប្រថុយប្រថានមួយហើយ បរាជ័យក្នុងការបំពេញតម្រូវការបន្ទាន់នៃពេលនេះ។

ជាមួយគ្នា សេតវិមាន​បាន​ថ្កោលទោស​ចំពោះ​កង្វះ​ជំនួយ​មនុស្សធម៌​សម្រាប់​តំបន់​ហ្គាហ្សា​ក្នុង​ច្បាប់​នេះ ហើយវា​ក៏​បរាជ័យ​ក្នុង​ការ​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ឬ​តៃវ៉ាន់ដែរ។

ការអនុម័តកញ្ចប់ថវិកាខាងលើ គឺតិចជាងឆ្ងាយកញ្ចប់ថវិកាដែលលោក បៃដិន ស្នើដល់ទៅ ១០៦ពាន់លានដុល្លារ សម្រាប់គាំទ្រអ៉ីស្រាអែល អ៊ុយក្រែន និងជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់ជាមួយចិន និងដោះស្រាយបញ្ហាសន្តិសុខនៅតាមតំបន់ព្រំដែនអាមេរិកជាប់ម៉ិកស៊ិក។ ទាក់ទិននឹងបញ្ហានេះ ព្រឹទ្ធសភានឹងពិចារណាលើសេចក្តីព្រាងច្បាប់ bipartisan ដែលដោះស្រាយកង្វល់ទាំងនោះ៕

ប្រភព៖ AP News

Share.