សិល្បៈជាតិ៖ លោក អុល សំអាង សិល្បករ​បុរាណ និង​ជា​តួឯកល្ខោន​បាសាក់ បាន​បន្ត​ស្មារតី​អំពាវនាវ​ឱ្យ​មហាជន​ជួយ​ចូលរួម​ផ្សព្វផ្សាយ​ពី​ល្ខោនបាសាក់​ខ្មែរ​ឱ្យបាន​សុះសាយ​បន្ថែមទៀត។

លោក អុល សំអាង បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​អត្ថន័យ​អំពាវនាវ​ថា ៖ «ការរួម​គ្នា​ជួយ​ផ្សព្វផ្សាយ អភិរក្ស មរតក​ទម្រង់​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ ឱ្យ​ជ្រួល​ជ្រាប​ដល់​ស្រទាប់​មហាជន​ជ្រោ​ត​ជ្រាប ពី​គុណ​តម្លៃ វប្បធម៌​ជាតិ​យើង គួរតែ​ផុសចេញ​ទឹកចិត្ត សា​មានចិត្ត ស្មារតី មនសិកា​នៃ​ពលរដ្ឋ​យើងម្នាក់ៗ ដើម្បី​ការពារ​ថែរក្សា បណ្តុះបណ្តាល គាំពារ​ទ្រទ្រង់ ពី​មូលធន​ជន ឥស្សរជន នៃ​ជាតិ​យើង»។

សូមជម្រាបថា លោក អុល សំអាង គឺជា​សិល្បករ​ល្ខោនបាសាក់​មួយរូប ដែល​បាន​បម្រើ​វិស័យ​សិល្បៈ​បុរាណ​នេះ​ប្រមាណ​ជាង ២០ឆ្នាំ​មកហើយ ប៉ុន្តែ​លោក​ត្រូវបាន​អ្នកគាំទ្រ​មួយចំនួន​មើលរំលង បន្ទាប់ពី​សិល្បៈ​សម័យ​វាតទី​យក​អស់​ការគាំទ្រ។ លោក​ទើបតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាថ្មី ក្រោយពី​មាន​ព្រះរាជក្រឹត្យ​នស/រកត/០៧១៩/១១៦២ ត្រាស់បង្គាប់​តែងតាំង​ដោយ​ព្រះមហាក្សត្រ ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​ឋានៈ​ស្មើ​ឯកឧត្តម ដែល​មិន​ធ្លាប់មាន​អ្នក​សិល្បករ​ល្ខោនបាសាក់​ណា​ម្នាក់​មានសំណាង​ដូច​លោក៕

Share.