​ភ្នំពេញ៖ អ្នកពាក់ព័ន្ធក្នុងវិស័យច្បាប់មួយចំនួនបានផ្តល់មតិយោបល់ដល់សារព័ត៌មានត្រយងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពុំធ្វើឱ្យប៉ះពាល់ការប្រកបរបបរបស់អ្នកប្រកបអាជីពជាមេធាវីនោះទេ តែយន្តការមួយនេះគឺជួយបង្កើនការងារជូនមេធាវីទៅវិញទេ ដ្បិតសមាសភាពក្នុងយន្តការនេះក៏មានមេធាវីចូលរួមផងដែរ។

រូបភាពអ្នកប្រកបការងារផ្នែកច្បាប់។រូបភាពពីហ្វេសប៊ុកគណៈមេធាវី។

ការលើកឡើងពីអ្នកពាក់ព័ន្ធក្នុងវិស័យច្បាប់នេះ បន្ទាប់ពីអង្គព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថា ការបង្កើតយន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ពុំធ្វើឱ្យប៉ះពាល់មុខរបររកស៊ី ឬអាជីពមេធាវីនោះទេ ពោលគឺថែមទាំងអាចជួយឱ្យមេធាវីការមានការងារបន្ថែមទៀតផងដែរ។ មានការងារបន្ថែម ដ្បិតថា សមាសភាពនៃអាជ្ញាធរជាតិមួយនេះក៏មានសមាសភាពមេធាវីឬអ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងទៀតរួមទាំងសារការីផងដែរ ដោយដើរតួនាទីជាមន្រ្តីអ្នកសម្រុះសម្រួលគូវិវាទ។នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។រូបភាពពីហ្វេសប៊ុកឯកឧត្តម ជិន ម៉ាលីន។

ព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៣៨១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមាន ៦ជំពូក និង២២ មាត្រា។ ត្រង់ជំពូកទី២ មាត្រា ៣ បានចែងពីសមាសភាពនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គេឃើញមានតំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ចំណែកជំពូកទី៣ ត្រង់មាត្រា ៩ មាត្រា១០ បានចែងពីការបង្កើតក្រុមការងារសម្រុះសម្រួលដែលមានការចូលរួមពីអ្នកជំនាញផ្នែកច្បាប់ មេធាវី មន្រ្តីរាជការក្របខ័ណ្ឌ សារការី មេធាវី អ្នកប្រកបវិជ្ជាជីវៈ ឬកិច្ចការសង្គម ឬអ្នកជំនាញពាក់ព័ន្ធនឹងការដោះស្រាយវិវាទ។ ហើយមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃយន្តការនេះ ត្រូវទទួលការបណ្តុះបណ្តាលដែលរៀបចំដោយក្រសួងយុត្តិធម៌ លើជំនាញច្បាប់ ជំនាញដោះស្រាយវិវាទ ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិ។

ឯកឧត្តម ជិន ម៉ាលីន បន្ថែមទៀតថា ការដោះស្រាយវិវាទក្នុងយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ គឺសំដៅតែរឿងវិវាទតូចតាចប៉ុណ្ណោះដូចជា ករណីរដ្ឋប្បវេណី ពាណិជ្ជកម្ម រឿងគ្រួសារ និងករណីព្រហ្មទណ្ឌតូចតាចជាបទលហុ មានដូចជា បទល្មើសចរាចរ ការបង្ករបួសស្នាមតិចតួចជាដើម។ ដូច្នេះ រឿងក្តីក្តាំក្រៅពីនេះគឺស្ថិតក្នុងដែនយុត្ថាធិការរបស់តុលាការដែលគូភាគីអាចពឹងពាក់មេធាវីការពារក្តីបាន។ ម្យ៉ាងវិញទៀត អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ករណីដែលគូវិវាទមិនពេញចិត្តនូវការសម្រុះសម្រួលក៏អាចបន្តទៅនីតិវិធីតុលាការ រកមេធាវីការពារក្តីបាន។

​ស្រដៀងគ្នានឹងអ្នកនាំពាក្យក្រសួងយុត្តិធម៌ដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាយល់ថា យន្តការថ្មីនេះ មិនប៉ះពាល់ដល់ជីវភាពរបស់អ្នកប្រកបវិជ្ជាជីវៈមេធាវីនោះទេ ព្រោះថាគូភាគីនៅតែអាចត្រូវការមេធាវីក្នុងការប្រឹក្សាអំពីសិទ្ធិនិងផលប្រយោជន៍តាមផ្លូវច្បាប់របស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការសម្រុះសម្រួលផ្សះផ្សា។ លោកបន្តថា នៅក្នុងដំណើរការសម្រុះសម្រួលផ្សះផ្សានេះ ភាគីអាចនឹងត្រូវការមេធាវីដើម្បីតំណាងក្នុងការសម្រុះសម្រួលផ្សះផ្សា ដើម្បីទទួលបាននូវលទ្ធផលល្អផងដែរ។

ប្រធានគណៈមេធាវីជឿជាក់ថា យន្តការនេះអាចពង្រីកឱកាសដល់មេធាវីដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើជាមន្រ្តីសម្រុះសម្រួល ដែលទទួលបាននីតិសម្បទាពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានផងដែរ។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។រូបភាពពីសហការរីឯកឧត្តម លី ច័ន្ទតុលា។

ទាក់ទងក្នុងរឿងនេះ លោក លី សុចិត្រា ជាអ្នកប្រកបការងារជាមេធាវីមួយរូបនិយាយថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺជាយុទ្ធសាស្រ្តមួយល្អ បង្កភាពងាយស្រួលជូនប្រជាពលអាចដោះស្រាយវិវាទបានឆាប់រហ័សលើរឿងវិវាទផ្នែក រដ្ឋប្បវេណី និងបញ្ហាដីធ្លីជាដើម ដែលអាចឱ្យគូភាគីអាចទទួលយកបានទាំងអស់គ្នា។ លោកថា ក្នុងនាមលោកមេធាវី លោករីករាយដែលមានយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយលោកយល់ថា យន្តការនេះមិនប៉ះពាល់ដល់អាជីពរបស់មេធាវីអ្វីនោះទេ ព្រោះអតិថិជនតែងត្រូវការជំនួយផ្លូវច្បាប់គ្រប់ដំណាក់កាលនៃនីតិវិធីមិនថាក្នុងស្ថាប័នតុលាការនិងក្រៅស្ថាប័នតុលាការ។

ត្រង់ជំពូក៤ ដែលនិយាយពីកិច្ចដំណើរការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខ័ណ្ឌនៃយន្តការនេះចែងថា ការដោះស្រាយវិវាទត្រូវធ្វើឡើងតាមរយៈវិធីសម្រុះសម្រួលផ្សះផ្សា ដោយត្រូវផ្តល់ឱ្យគូភាគីវិវាទនូវឱកាសទទួលយកការព្រមព្រៀងដោះស្រាយវិវាទដោយសន្តិវិធី គ្មានការធ្វើសេចក្តីសម្រេចដោយបង្ខំណាមួយឡើយ។

ក្នុងរឿងនេះដែរ លោកមេធាវី ជួង ជូងី គាំទ្រយន្តការថ្មីនេះ និងសង្ឃឹមថា ដំណើរការដោះស្រាយនឹងប្រព្រឹត្តិទៅដោយប្រសិទ្ធភាព។ តែដើម្បីអាចដំណើរការបានល្អលោកមេធាវីចាស់វស្សារូបនេះ ចង់ឃើញពីសមត្ថភាពរបស់អ្នកសម្រុះសម្រួលដែលមានបទពិសោធន៍ឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ ហើយឈរលើគោលការណ៍អព្យាក្រឹត្យ យុត្តិធម៌ មិនលម្អៀង និងមិនព្រឹត្តិអំពើពុករលួយ។

លោកមេធាវី ជួង ជូងី ត្រូវបានគេស្គាល់ថាមេធាវីការពារក្តីជូនមន្រ្តីបក្សប្រឆាំងច្រើន។រូបភាពពីហ្វេសប៊ុកលោក។

សម្រាប់សារៈសំខាន់នៃយន្តការនេះ ឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជឿជាក់ថា ស្ថាប័ននេះនឹងបំពេញបន្ថែមទៅលើយន្តការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ និងផ្តល់ជម្រើសឱ្យសាធារណជនក្នុងការជ្រើសរើសវិធីសាស្ត្រដោះស្រាយវិវាទរបស់ពួកគេកាន់តែច្រើនជាងមុន និងសមស្របទៅតាមសំណុំរឿងរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត ស្ថាប័ននេះនឹងជួយលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ ព្រោះប្រសិនបើគូភាគីព្រមព្រៀងបញ្ចប់វិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សា មានន័យថាគូភាគីពេញចិត្តនឹងការសម្រុះសម្រួល ហើយធ្វើឱ្យវិវាទអាចត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សមិនចាំបាច់ប្តឹងទៅតុលាការចំណាយពេលវេលា និងប្រាក់កាសច្រើន៕

Share.