ភ្នំពេញ ៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ឡើងទៅលើដំបូលផ្ទះជាន់ទី៣ ដែលទើបសាងសង់ចាក់ប្លង់សេ អង្គុយរៀន អានសៀវភៅ លុះចុះមកវិញ គ្រាន់តែឈានជើងចុះតាមកាំជណ្តើរ ស្រាប់តែរអិលជើងធ្លាក់តាំងពីជាន់ទី៣ រមៀលខ្ទាតទៅទើរលើដំបូលរោងចក្តធ្វើនំ បណ្តាលឱ្យរងរបួសបាក់ជើងទាំង២ បាក់ដៃស្តាំ ឆ្អឹងចង្កេះ ក្នុងសភាពធ្ងន់ធ្ងរ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះជួលក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះ លាង ប៊ុនម៉ាណែត អាយុ១៥ឆ្នាំ សិស្សរៀនថ្នាក់ទី១០ វិទ្យាល័យកំបូល ស្នាក់នៅជាមួយបងប្រុស នៅបន្ទប់ជួលជាន់ទី២ ផ្ទះកើតហេតុ មានម្តាយជាស្ត្រីម៉េម៉ាយ ឈ្មោះ ចេង សំអុល អាយុ៤៩ឆ្នាំ មុខរបរ លក់បាយម្ហូប ក្នុងចំការកៅស៊ូ ភូមិសំអាងលើ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បើតាមក្រុមគ្រួសារ បានឱ្យដឹងថា ស្ថានភាពជីវភាពគ្រួសារក្រីក្រ ម្តាយជាស្ត្រីម៉េម៉ាយ កូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ហើយដើម្បីសម្រាលបន្ទុកម្តាយ កូនប្រុសច្បង ក៏បានយកប្អូនទី២ (ជនរងគ្រោះ) មកស្នាក់នៅជាមួយ ឱ្យរៀនសូត្រ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ក្មេងរងគ្រោះ បានឡើងទៅលើដំបូលផ្ទះជាន់ទី៣ ដែលទើបសាងសង់ចាក់ប្លង់សេ រៀបចំមិនទាន់ហើយ មិនទាន់មានបង្កាន់ដៃ អង្គុយរៀន អានសៀវភៅ លុះចុះមកបន្ទប់ជាន់ទី២វិញ គ្រាន់តែឈានជើងចុះស្រាប់តែរអិលកំទេចដី ខ្សាច់តាមកាំជណ្តើរ រមៀលធ្លាក់ខ្ទាតទៅទើរលើដំបូលរោងចក្រធ្វើនំ បណ្តាលឱ្យរងរបួសបាក់ជើងសងខាង បាក់ដៃស្តាំ ឆ្អឹងចង្កេះ ក្នុងសភាពធ្ងន់ធ្ងរ ។

ក្រោយកើតហេតុក្មេងរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមាជាតិ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.