ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ជិះម៉ូតូហុងដាវ៉េវឌុបប្រពន្ធលើផ្លូវបញ្ច្រាស ជ្រុលទៅបុកជាមួយម៉ូតូស្កុបពី ជិះដោយយុវជនម្នាក់ ច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់ ប្រពន្អរបួសស្រាល បែជារត់គេចចោលប្តីទៅបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ សំ ប៊ុនធី ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង តែស្នាក់នៅឯខណ្ឌដង្កោ រងរបួសធ្ងន់ ចំណែកប្រពន្ធ រងរបួសស្រាលបានគេចខ្លួនចោលប្តីបាត់ ។

តាមប្រពន្ធនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ហុងដាវ៉េវ ពណ៌ស្លែ ពាក់ស្លាកលេខ កំពត 1A-1151 ឌុបប្រពន្ធ លើផ្លូវបញ្ច្រាស ពីត្បូងទៅជើង បំណងរកកន្លែងឆ្លងទៅបំណែកផ្លូវម្ខាងទៀត បែជាជ្រុលទៅបុកជាមួយម៉ូតូ ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1U-0852 ជិះដោយយុវជនម្នាក់លើផ្លូវអថិភាព ពីជើងទៅត្បូង បណ្តាលឱ្យដួលរងរបួសធ្ងន់ប្តី ចំណែកប្រពន្ធរបួសស្រាល បែជារត់គេចទៅបាត់ ទុកឱ្យប្តី នៅអង្គុយឈឹចាប់ម្នាក់ឯង មិនតែប៉ុណ្ណោះ បិទទាំងទូរស័ព្ទ មិនឱ្យប្តីខលចូលទៀតផង រីឯខាងម៉ូតូស្កុបពីរងរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.