ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជិះម៉ូតូស្កុបពីវិលមកពីស្រុក ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះលឿនជ្រុលបុកពីក្រោយរថយន្តកុងតឺន័រ ដែលបើកចេញពីចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសបែកលើផ្ទៃមុខ សន្លប់ស្តូកស្តឹង ម៉ូតូខ្ទេចរួញមួយកំណាត់មុខ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នារីរងគ្រោះឈ្មោះ ដួង ស្រីនីន អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិត្រពាំងថ្ម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ។

តាមប្រភពបានឱ្យដឹងថា នារីរងគ្រោះ រៀននិងស្នាក់នៅ រាជធានីភ្នំពេញ ខណៈដែលជិះម៉ូតូម៉ាកហុងស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពត 1N-2173 មានបង្វិចថង់ខោអាវ ពងទា អុីវ៉ាន់មួយចំនួន ធ្វើដំណើរពីស្រុកកំណើត មករាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ វ៉ាក់អើ ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយរថយន្តកុងតឺន័រ ដែលបើកចេញពីចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសបែកលើផ្ទៃមុខ សន្លប់ស្តូកស្តឹង ម៉ូតូខ្ទេចរួញមួយកំណាត់មុខ រីឯរថយន្តកុងតឺន័របើកចូលទៅក្នុងផែស្ងួតក្បែរនោះបាត់ ។

នារីរងគ្រោះ ក្រោយកើតហេតុភ្លាមៗត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និងបន្តធ្វើការស្រាវជ្រាវតាមស្វែងរករថយន្តកុងតឺន័រ មកដោះស្រាយតាមនីតិវិធី ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.