កណ្តាល៖ ករណីបង្កហិង្សាដោយចេតនាមួយកើតហេតុនៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី ត្រង់ចំណុច ផ្ទះឈ្មោះ អន ឃីម ភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ជនរងគ្រោះម្នាក់ មានឈ្មោះ ផល ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ចំណែកជនសង្ស័យវិញមានឈ្មោះ ផល ឆៃនី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ដោយឡែកវត្ថុតាងចាប់យក រួមមានកាំបិតបុ័ងតោ ផ្លែដែក ដងឈើ ចំនួន ០២ និងកាំបិតផ្គាក់ ផ្លែដែកដងឈើ ប្រវែង ០៦តឹក ០៤ហ៊ុន ជារបស់ជនសង្ស័យ។

ជនរងគ្រោះនិងយាយជនរងគ្រោះ។រូបភាពភ្នាក់ងារខេត្តកណ្តាល។

នៅថ្ងៃកើតហេតុថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទីព្រឹក ជនរងគ្រោះឈ្មោះ ផល ស៊ីណា និងប្រពន្ធកំពុងនៅផ្ទះជីដូនឈ្មោះ អន ឃីម ស្រាប់តែជនសង្ស័យឈ្មោះ ផល ឆៃនី ត្រូវជាប្អូនបង្កើតបានសុំលុយជីដូន យកទៅចាយ។ ប៉ុន្តែជីដូនប្រាប់ជនសង្ស័យថាមិនមានលុយទេ ហើយជនសង្ស័យឈ្មោះ ផល ឆៃនី ប្រាប់ទៅជីដូនឱ្យលក់ផ្ទះចោលហើយទិញម៉ូតូឱ្យខ្លួនជិះ។ ខណៈនោះជីដូនឆ្លើយទៅជនសង្ស័យថា បើលក់ផ្ទះបានអីនៅ ជនសង្ស័យឆ្លើយថាលក់ផ្ទះហើយទៅនៅឯវត្តទៅ។

ពេលនោះដែលជនរងគ្រោះឈ្មោះ ផល ស៊ីណា ក៏លូកមាត់ប្រាប់ទៅជនសង្ស័យថា សុំលុយពីជីដូនមើលជើងគាត់បាក់ និងចាស់ទៀត លោកយាយមានលុយឯណាឲ្យ។ ភ្លាមនោះជនសង្ស័យនិងជនរងគ្រោះក៏មានជម្លោះពាក្យសម្តីហើយជីដូចនាំជនសង្ស័យជាប្អូនចូលក្នុងបន្ទប់ចាក់សោរ តែជនសង្ស័យបានប្រើកាំបិតផ្គាក់កាន់ទម្លាយជញ្ជាំងស័ង្កសីបន្ទប់ស្ទុះចេញមកក្រៅដេញកាត់ជនរងគ្រោះជាបងតែត្រូវអ្នកជិះខាងហាមឃាត់។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.