អ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកនឹង «រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនអនុវត្តបទឈប់បាញ់នៅតំបន់ហ្គាហ្សា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៉ីរ៉ង់ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ។

រដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ លោក Mohammad-Reza Ashtiani បាននិយាយថា «ដំបូន្មានរបស់យើងចំពោះជនជាតិអាមេរិក គឺត្រូវបញ្ឈប់ជាបន្ទាន់នូវសង្រ្គាមនៅតំបន់ហ្គាហ្សា ហើយអនុវត្តបទឈប់បាញ់ បើមិនដូច្នេះទេ ពួកគេនឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ»។

អ៊ីរ៉ង់​ចាត់​ទុក​អាមេរិក​ ថា​មាន​ការ​ពាក់ព័ន្ធ​ផ្នែក​យោធា​ក្នុង​ជម្លោះរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ខណៈទីក្រុងវ៉ាស៊ីនតោនបានរក្សាការគាំទ្រពេញទំហឹងសម្រាប់អ៉ីស្រាអែល ក្នុងការអនុវត្តសិទ្ធិការពារខ្លួន។

គួររំលឹកថា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា អ៊ីស្រាអែល បានប្រកាសកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាការសងសឹក។

សូមជម្រាបថា ចាប់តាំងពីមានការវាយប្រហារគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗជាសកលជុំវិញស្ថានភាពមនុស្សធម៌នៅតំបន់រងគ្រោះ ខណៈតួលេខចុងក្រោយពីអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បង្ហាញថា ចំនួនអ្នកស្លាប់បានបន្ដកើនឡើងជាង ៩ពាន់នាក់ហើយ៕

ប្រភព៖ Arab News

Share.