ភ្នំពេញ ៖ បុរសម្នាក់ជាគ្រូបង្រៀនភាសារអង់គ្លេសនៅសាលាអង្គការ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូលឿនជ្រុលទៅបុកជាមួយម៉ូតូកង់បីមួយគ្រឿងបើកលើផ្លូវបញ្ច្រាស បណ្តាលឱ្យរងរបួសធ្ងន់ ភ្នែកឆ្វេង បែកមាត់ បែកក្បាល វង្វេងបាត់ស្មារតី រីឯកង់បីបើករត់គេចបាត់ស្រមោល។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ាក រស្មី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ គ្រូបង្រៀនភាសារអង់គ្លេស នៅសាលាអង្គការ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទើបវិលត្រឡប់មកពីលេងផ្ទះបង នៅក្បែរនោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-1554 ធ្វើដំណើរឆ្ពោះទៅផ្ទះវិញ តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ គេចមិនទាន់ជ្រុលបុកជាមួយម៉ូតូកង់បី មួយគ្រឿង ពណ៌លឿង មិនចាំស្លាកលេខ បើកលើផ្លូវបញ្ច្រាស បណ្តាលឱ្យដួលរងរបួសធ្ងន់ វង្វេងបាត់ស្មារតី រីឯកង់បីបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបានក្រុមគ្រួសារ សុំយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.