អគារថ្មីទីស្ដីការក្រសួងមហាផ្ទៃក្រៅពីមើលទៅមានសោភណភាពស្រស់ស្អាតដោយស្ថាបត្យករ និងវិស្វករបានសាងសង់អគារនេះដោយរួមបញ្ចូលនូវក្បាច់ទំនើបនិងបុរាណធ្វើឲ្យថ្មីប្លែកក្នុងយុគសម័យថ្មី អគារដ៏ស្កឹមស្កៃមួយនេះបានបំពាក់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំនួន៣សំខាន់ៗ នៅក្នុងនោះគឺមានប្រព័ន្ធការពារវាយប្រហារពីខាងក្រៅ។

នៅឯពិធីសម្ពោធអគារថ្មីទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី៦ វិច្ឆិកា ២០២៣ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អគារទីស្ដីការក្រសួងទាំងមូល ត្រូវបានបំពាក់ប្រព័ន្ធគ្រប់គ្រងដែលមានមុខងារសំខាន់ៗ ដូចជា ៖

         ១. ប្រព័ន្ធគ្រប់គ្រងអគារ (building management system) ដែលមានមុខងារគ្រប់គ្រង និងប្រព័ន្ធបញ្ហាម៉ាស៊ីនត្រជាក់ បិទបើកខ្យល់ក្នុងអគារ ប្រព័ន្ធបន្សុទ្ធខ្យល់ក្នុងអគារ ប្រព័ន្ធពន្លត់អគ្គិភ័យបិទបើកត្រង់ស្វូភ្លើង ម៉ូទ័របូមទឹក ម៉ូទ័រសម្ពាធទឹក ទូរភ្លើង(ATS) ម៉ាស៊ីនភ្លើង និងបិទបើកអំពូលភ្លើង

         ២. ប្រព័ន្ធការពារការវាយប្រហារពីខាងក្រៅ

         ៣. ហេដ្ឋារចនាសម្ព័ន្ធបណ្តាញណេតវើក រួមមាន៖ ប្រព័ន្ធជាប់ទំនាក់ទំនងអត់ខ្សែ, ប្រព័ន្ធ ទូរស័ព្ទ, ប្រព័ន្ធត្រួតពិនិត្យឧបករណ៍ដែលប្រើប្រាស់សេវាអ៊ីនធឺណិត, ប្រព័ន្ធផ្តល់ព័ត៌ មានកម្មវិធីប្រជុំតាមអេក្រង់ទូរទស្សន៍, ប្រព័ន្ធកស្តឹងអគ្គិភ័យ, ប្រព័ន្ធបំពងសំឡេង, ប្រព័ន្ធគ្រប់គ្រងទ្វារសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងចំណតរថយន្ត, ប្រព័ន្ធកាមេរ៉ាសុវត្ថិ ភាព, ប្រព័ន្ធទូរទស្សន៍, ប្រព័ន្ធប្រជុំ និងសំឡេង, ប្រព័ន្ធវីដេអូខល ប្រព័ន្ធបណ្តាញ ព័ត៌មាន, ប្រព័ន្ធត្រួតពិនិត្យសព្វាវុធ, ប្រព័ន្ធស្ពានអីវ៉ាន់, និងប្រព័ន្ធត្រួតពិនិត្យក្រោមយានយន្ត។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបន្ដទៀតថា មួយផ្នែកនៃអគារនេះក៏នឹងត្រូវប្រើប្រាស់ជាមជ្ឈមណ្ឌលរក្សាទិន្នន័យដែលប្រមូលផ្តុំ និង រក្សាទុកគ្រប់ទិន្នន័យព័ត៌មានទាំងអស់ តាមរយៈការបំពាក់ប្រព័ន្ធ Nove សម្រាប់ការពារកុំឱ្យ មានអណ្តាតភ្លើងឆាប់ឆេះនៅក្នុងបន្ទប់រក្សាទិន្នន័យប្រព័ន្ធ, UPS Back Up, ប្រព័ន្ធ Cooling system, បំពាក់ Raise Hoor, ប្រព័ន្ធចាប់កំដៅ និងចាប់ផ្សែង, ប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព ចាប់ផ្សែងភ្លើង ធ្លាយទុយោទឹក ដាច់ចរន្តអគ្គិសនី, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព, និងប្រព័ន្ធទ្វារសុវត្ថិភាព។

អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃនេះ ត្រូវបានបំពាក់គ្រឿងសង្ហារឹម សម្ភារៈការិយាល័យ តុកៅអី សមស្របសម្រាប់ប្រើប្រាស់ជារដ្ឋបាលប្រមូលផ្តុំ។ បច្ចុប្បន្នមានថ្នាក់ដឹកនាំក្រសួង ថ្នាក់ ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីមកពីអគ្គនាយកដ្ឋាន និងអង្គភាពឋានៈស្មើអគ្គនាយកដ្ឋាន ចំនួន ១៣, នាយកដ្ឋានជំនាញចំណុះ ចំនួន ៥២, គណៈកម្មាធិការនានា ចំនួន ៧, និងគណៈ កម្មការអន្តរក្រសួង ចំនួន ៦ ដែលកំពុងបំពេញការងារក្នុងបរិវេណទីស្ដីការក្រសួង ដោយមាន ការិយាល័យសម្រាប់បំពេញការងារចំនួន ៣៩២ការិយាល័យ, សាលប្រជុំតូចធំចំនួន ១៦ ដែល អាចផ្ទុកមនុស្សចន្លោះពី ១៥ ទៅ ៤៨០នាក់, សាលលៀងសាយភោជន៍ចំនួន ១, សាលសម្តែង សិល្បៈ ចំនួន ១, សាលថតរូបអនុស្សាវរីយ៍ និងសន្និសិទសារព័ត៌មាន ចំនួន ១, សាលពហុមុខ ងារ ចំនួន ១, បន្ទប់ទទួលភ្ញៀវ ចំនួន ២, បណ្ណាល័យ ចំនួន ២, បន្ទប់ពេទ្យ ចំនួន ១, សួនច្បារ ចន្លោះអគារ ចំនួន ៣កន្លែង, និងអាហារដ្ឋាន ចំនួន ២ ចំណុះ ២៣៤នាក់។ នេះជាការលើកឡើងបន្ថែមពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា។

សូមជម្រាបជូនថា អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ  ដែលចំណាយការសាងសង់ប្រមាណ  ៦០លានដុល្លារអាម៉េរិក  បានដាក់ឲ្យសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃនេះ បែរមុខទៅទិសខាងកើត ស្របតាមមហាវិថីព្រះ នរោត្តម ចំទន្លេធំៗទាំង៤ ដែលហៅថា ទន្លេចតុមុខ។ អគារទីស្តីការក្រសួងនេះ ត្រូវបានសាងសង់ក្នុងបរិវេណនៃទីស្ដីការក្រសួងមហាផ្ទៃ ដែលមានផ្ទៃដីសរុបទំហំ ៥៩.៥៣៩ម៉ែត្រការ៉េ ស្ថិត នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារនេះត្រូវបានរចនាឡើងតាមបែបក្លាស៊ីកចម្រុះគ្នា នៃស្ថាបត្យកម្មសម័យបុរាណខ្មែរ និងសម័យទំនើប តុបតងដោយគ្រឿងលម្អវិចិត្រកម្មបុរាណ នៃប្រពៃណីខ្មែរនិយម មានដំបូល ប្រក់ក្បឿងស្រកាលិញ មានបុស្សបុក ចំនួន ៥ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ ដោយអនុលោមទៅតាមសមាមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់នូវពន្លឺខ្យល់ធម្មជាតិ ចេញចូលប្រកបដោយផាសុកភាព ស័ក្តិសមជាកន្លែងបម្រើការងារបែបសម័យទំនើប មានទំហំ បណ្ដោយ ១៥៣ម៉ែត្រ ទទឹង ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ មានក្រឡាផ្ទៃសំណង់សរុប ១០៥.៥៤៥ ម៉ែត្រក្រឡា (ដប់ម៉ឺនប្រាំពាន់ប្រាំរយសែសិបប្រាំម៉ែត្រក្រឡា) ដោយមិនរាប់បញ្ចូលជាន់ផ្ទាល់ ដី និងជាន់ចំណត ដែលអាចចតរថយន្តក្រោមអគារ។ អគារនេះមានបំពាក់ជណ្ដើរយន្ត ចំនួន ១១គ្រឿង ជណ្តើរទាញ ចំនួន ២០គ្រឿង ជណ្តើរថ្មើរជើងនៅជាប់ជណ្តើរយន្ត ចំនួន ៤ទីតាំង, ជណ្តើរអគ្គិភ័យ ចំនួន ៤ និងចំណតរថយន្ត ចំនួន ៣៦០ចំណត។

អគារថ្មី នៃទីស្តីការក្រសួងនេះ ត្រូវបានសិក្សាគម្រោង និងរចនាប្លង់ឡើងដោយក្រុមហ៊ុន M-ARCHITECT & CONSTRUCTION និងទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន KIM MEX CONSTRUCTION & INVESTMENT ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន២០ខែ។ ការផ្តើមសិក្សាគម្រោងប្លង់ និងកិច្ចសន្យាសាងសង់អគារនេះ គឺក្រោយពីរាជរដ្ឋាភិបាល បានផ្ដល់គោលការណ៍អនុញ្ញាតឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្តីការនៅទីតាំងចាស់ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

Share.